(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា បានថ្លែងឲ្យដឹងថា ការវិលត្រលប់របស់យុវជនកម្ពុជា ក្នុងការចូលរួមព្រឹត្តិការណ៍ដង្ហែរ «ឈីងហ្គេ» ឆ្នាំ២០១៧ នៅសិង្ហបុរី រយៈពេលជិតមួយសបា្ដហ៍នេះ គឺបានមកជាមួយនឹងភាពជោគជ័យ និងមោទនភាពយ៉ាងខ្លាំង ពិសេសយុវជនយើង បានបង្ហាញភាពល្អឥតខ្ចោះនៃវប្បធម៌ អរិយធម៌ ដ៏ត្រចះត្រចង់ និងភាពសប្បូរបែបដ៏អសា្ចរ្យរបស់ជាតិយើង ទៅលើឆាកអន្ដរជាតិ។
លោកបន្ដថា ភាពជោគជ័យនេះ បានកើតឡើងក៏ដោយសារការទំនាក់ទំនងល្អរវាងសាធារណរដ្ឋសិង្ហបុរី និងកម្ពុជា និងមានការលើកទឹកចិត្ដពីរាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហុនសែន ព្រមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺលោកស្រី ភឿង សកុណា ផ្ទាល់តែម្ដង ដែលបានដឹកនាំដោយផ្ទាល់តាំងពីពេលចាប់ផ្ដើម និងត្រលប់មកកម្ពុជាតិវិញនេះ ។
លោកថ្លែងបន្ដថា« លើសពីនេះភាពជោគជ័យរបស់យើង បានចេញពីក្រុមការងារដែលមានការខិតខំប្រឹងប្រែង និងយល់ដឹងពីឱកាសពួកគាត់ទាំងអស់គ្នា បានចូលរួមដែលបានចេញទៅបង្ហាញពីអ្វីជាមោទនភាពលើឆាកអន្ដរជាតិនេះ យើងខ្ញុំទាំងអស់គ្នា ក៏សូមអរគុណដល់លោកគ្រូ អ្នកគ្រូ សមាជិកយើងទាំងអស់ រួមជាមួយនឹងសិល្បករ សិល្បការិនី ដែលគាត់ខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ដ ក្នុងការសម្ដែង ហើយប្រឹងហ្វឹកហាត់តាំងពីជាងមួយខែមុន ដើម្បីធ្វើយ៉ាងណាឲ្យយើងមានឱកាសចូលរួមក្នុងព្រឹត្ដិការ ឈីងហ្គេ ដោយគាត់បានបង្ហាញពីអ្វីដែលជាភាពស្រស់ស្អាត ភាពអស្ចារ្យនៃវប្បធម៌របស់យើង ពិសេសយើងបានយកភាពប្រណីតទាំងអស់នោះ មកចែករំលែកទៅលើមិត្ដភក្ដ័យើង ដែលក្នុងនោះមាន សិង្ហបុរី និងប្រទេសដ៏ទៀត បានចូលរួមចំណែក មានឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ប្រទេសចិន និងជប៉ុនជាដើម ដែលបានចូលរួម។ ឱកាសនេះយើងចង់បង្ហាញថា ឲ្យតែយុវជន ឬជាកូនខ្មែរជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង ជឿជាក់លើសង្គមជាតិរបស់យើង ជឿជាក់លើភាពសម្បូរបែបនៃវប្បធម៌របស់យើង ហើយធ្វើយ៉ាងណាគិតពីភាពរីកចម្រើននៃប្រទេសជាតិយើង ហើយពេលនោះហើយម្នាក់ៗឲ្យតែមានឆន្ទះនឹងខិតខំប្រឹងប្រែងទៀតនោះ យើងនឹងអាចបង្ហាញពីមោទនភាពរបស់កម្ពុជាយើង លើឆាកអន្ដរជាតិ »។
លោក គ្រូ ព្រឿង ឈាង ដែលដឹកនាំបង្ហាត់បង្រៀនផ្ទាល់ បានថ្លែងថា« ដូចយើងបានដឹងស្រាប់ហើយថា ដូនតាយើងបានបន្សល់ទុកបេតិកភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់ ដែលមានតម្លៃសកល ដល់កូនចៅយើង ដូច្នេះហើយបានជាការដង្ហែរក្បូននេះ យើងបានយកទម្រង់សិល្បៈបេតិកភ័ណ្ឌអររូបិយ ចូលទៅសម្ដែង រួមមាន របាំព្រះរាជទ្រព្យ ស្បែកធំ ល្បុកតោ និងសិល្បៈជាច្រើនទៀត ដែលការសម្ដែងនេះ កម្ពុជាយើងមានការគាំទ្រខ្លាំងមែនទែន ហើយកោតសរសើរពីវប្បធម៌យើងណាស់ ពីសំណាក់អន្ដរជាតិ ដែលពិភពយើងធ្លាប់តែឃើញតាមរយៈរូបភាពនៅលើ ប្រាសាទអង្គររបស់យើង តែពេលនេះបានឃើញការសម្ដែងផ្ទាល់ ពួកគាត់បានសរសើរមិនដាច់ពីមាត់ នោះទេ ពីវប្បធម៌យើង ដែលនេះជាមោទនភាពរបស់ជាតិយើង ពិសេសយើងបានផ្សព្វផ្សាយពីវប្បធម៌យើងទៅលើឆាកអន្ដរជាតិយ៉ាងទូលំទូលាយ »។
ទន្ទឹមនឹងនោះ កញ្ញា លៀង ដែលជាយុវជនម្នាក់ក្នុងចំណោមយុវជនដទៃទៀត ដែលបានសម្ដែងក្នុងឱកាសដង្ហែរក្បួន ឈីងហ្គេ បានលើកឡើងផងដែរថា «ខ្ញុំសប្បាយចិត្ដណាស់ ពិសេសមានមោទនភាពនឹងវប្បធម៌ជាតិខ្មែរយើង ដែលធ្វើឲ្យឆាកអន្ដរជាតិ សរសើរមិនដាច់ពីមាត់ ពីភាពអស្ចារ្យនៃខ្មែរយើង ដូច្នេះខ្ញុំសូមអំពាវនាវដល់យុវជនជំនាន់ក្រោយយើង ដែលកំពុងជក់ចិត្ដនឹងវប្បធម៌បរទេស សូមងាកវប្បធម៌របស់ខ្មែរយើងវិញ ព្រោះវប្បធម៌យើងមានភាពអស្ចារ្យមែនទែន បើសិនជាពួកគាត់បានស្វែងយល់ច្បាស់ពីវប្បធម៌របស់យើង»។
គួររម្លឹកថា «ឈីងហ្គេ» ដែលជាព្រឹត្តិការណ៍ដង្ហែព្យុហយាត្រាធំជាងគេនៅអាស៊ី ដែលរៀបចំឡើងរៀងរាល់ឆ្នាំដោយ សមាគមប្រជាជននៃសាធារណរដ្ឋសិង្ហបុរី មានការចូលរួមសម្តែងពីសំណាក់ក្រុមសិល្បៈ ជាតិប្រមាណ១៥០ស្ថាប័ន និងបណ្តាសិល្បៈករ សិល្បៈការិនី មកពីបណ្តាប្រទេសនានា លើពិភពលោកចូលរួមសម្តែងប្រមាណ១ម៉ឺននាក់ផ្សេងទៀត ក្នុងការរួមគ្នាសម្តែងសិល្បៈ ចម្រុះ ជាតិសាសន៍ ដ៏អស្ចារ្យនេះ ហើយកម្ពុជាបានធ្វើដំណើរទៅចូលរួមចាប់ពីថ្ងៃទី៧កុម្ភៈ និងត្រលប់មកកម្ពុជាវិញនៅយប់ថ្ងៃទី១៤កុម្ភៈ៕