(ក្រចេះ)៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង ស្ថិតនៅក្បែរផ្សារស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីយប់មិញ ត្រូវបានអាជ្ញាធរអះអាងថា ខូចខាតគិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ គ្រឿងអលង្ការ និងទ្រព្យសម្បត្តិមួយចំនួនទៀត។
យ៉ាងណាក៏ដោយ គ្រោះអគ្គិភ័យដែលបានកើតឡើងជាង២ម៉ោង ពោលចាប់ពីម៉ោង៨៖៣០នាទី រហូតដល់ម៉ោង១០៖៥០នាទី យប់ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៧ មិនបណ្តាលឲ្យរងគ្រោះដល់ប្រជាពលរដ្ឋណាម្នាក់នោះឡើយ ហើយក៏មិនបានរីករាលដាលដល់ផ្សារស្នួល នៅក្បែរកន្លែងកើតហេតុនោះទេ ក្រោយពីកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរ បានចេញជួយអន្តរាគមន៍ ហើយបានប្រើទឹកអស់២០ឡាន។
យោងតាមរបាយការណ៍របស់អាជ្ញាធរស្រុកស្នួល បានបញ្ជាក់ថា ករណីនេះបានកើតឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ២០៖៣០ នាទី នៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ០៦ខ្នង ក្នុងនោះមាន៖
*ផ្ទះទី១ឈ្មោះ ស្លេះ ហ្សា ទំហំ៦,៥ម៉ែត្រx២៦ម៉ែត្រ ធ្វើអំពីឈើ ប្រកស័ង្កសី ទ្រព្យសម្បត្តិខូចខាត៖ ម៉ូតូចំនួន០១គ្រឿង, កង់ចំនួន០១គ្រឿង, ប្រាក់រៀលចំនួន ២,០០០,០០០រៀល ខោអាវ និងសម្ភារក្នុងផ្ទះឆេះទាំងស្រុង។
*ផ្ទះទី២ឈ្មោះ ម៉ាត់ ស្លេះ ភេទប្រុស អាយុ ៣៣ឆ្នាំ ផ្ទះទំហំ ៥ម៉ែត្រx១០ម៉ែត្រ ធ្វើអំពីឈើប្រកស័ង្កសី ទ្រព្យសម្បត្តិខូចខាត ប្រាក់រៀលចំនួន ១,៥០០,០០០រៀល ខ្សែកមាសចំនួន ០២ជី, ខោអាវ និងសម្ភារក្នុងផ្ទះឆេះទាំងស្រុង។
*ទី៣ ឈ្មោះ ម៉ាត់ រម៉ស្មះ ផ្ទះទំហំ ៤ម៉ែត្រx១០ម៉ែត្រ ធ្វើអំពីឈើប្រកស័ង្កសី ទ្រព្យសម្បត្តិខូចខាត ប្រាក់ដុល្លារចំនួន៣០០០ដុល្លា ខោអាវ និងសម្ភារក្នុងផ្ទះឆេះទាំងស្រុង។
*ទី៤ ឈ្មោះ វ៉ាន់ ក្រី ភេទប្រុស អាយុ៤២ឆ្នាំ ផ្ទះទំហំ៥ម៉ែត្រx៧ម៉ែត្រ ធ្វើអំពីឈើប្រកស័ង្កសី ម្ចាស់ផ្ទះមិននៅ។
*ទី៥ ឈ្មោះ ហេង ថា ភេទប្រុស ផ្ទះទំហំ ៥ម៉ែត្រx៨ម៉ែត្រ ធ្វើអំពីឈើប្រក ស័ង្កសី ទ្រព្យសម្បត្តិខូចខាត (គ្មាន)។
*ទី៦ ឈ្មោះ កុម អៀម ភេទប្រុស អាយុ ៤៩ឆ្នាំ ផ្ទះទំហំ ៥ម៉ែត្រx១៥ម៉ែត្រ ធ្វើអំពីឈើប្រក ស័ង្កសី ទ្រព្យសម្បត្តិខូចខាត ប្រាក់រៀលចំនួន ៥,០០០,០០០រៀល ប្រាក់ដុល្លារ ៦,០០០ដុល្លារ មាសចំនួន ០២តំឡឹង , ម៉ូតូចំនួន ០១គ្រឿង ខោអាវ និងសម្ភារៈក្នុងផ្ទះឆេះទាំងស្រុង។
បើតាមអាជ្ញាធរ មូលហេតុ នៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ដោយនៅពេលនេះ សមត្ថកិច្ចនគរបាលយើងកំពុងស្រាវជ្រាវរកមូលហេតុ។
អាជ្ញាធរស្រុកស្នួល បានបញ្ជាក់បន្ថែមថា ក្នុងករណីកើតឡើងគ្រោះថ្នាក់អគ្គីភយ័នេះផងដែរពុំបណ្តាលឲ្យមានមនុស្សណាម្នាក់រងរបូសនោះទេ ហើយភ្លើងចាប់ផ្តើមឆេះដំបូងចេញពីផ្ទះឈ្មោះវ៉ាន់ ក្រី ភេទប្រុស អាយុ៤២ឆ្នាំ ម្ចាស់ផ្ទះបានចាក់សោរទ្វារផ្ទះចោល និង បានចាកចេញពីផ្ទះប្រហែល៦ខែមកហើយពុំដែ លឃើញត្រឡប់មកផ្ទះវិញទេ។
សម្រាប់ប្រតិបត្តិការពន្លត់វិញ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង ក្នុងនោះរថយន្តរបស់ស្នងការដ្ឋាន នគរបាលខេត្តចំនួន៣គ្រឿង និងរថយន្តក្រុមហ៊ុនឯកជន៤គ្រឿងផងដែរ ដោយប្រើទឹកអស់២០ឡាន៕