(ភ្នំពេញ)៖ លោក អ៊ីវ ឈុនផេង អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧នេះ ដោយបំភ្លឺជុំវិញករណីអ្នកទោសគ្រឿងញៀនម្នាក់ បានរត់គេចខ្លួនដោយសុវត្ថិភាព នៅក្នុងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កាលពីម្សិលមិញនោះ លោកមិនបានដោះខ្នោះដៃឲ្យទេ ហើយលោកក៏មិនបានដឹងដែរ ព្រោះ វាជាការទទួលខុសត្រូវពីមន្ត្រីអនុវត្តជំនាញ។
លោក អ៊ីវ ឈុនផេង បានបំភ្លឺបន្ថែមទៀតថា នៅពេលនោះលោកជាប់ប្រជុំសាវនកម្មពីមន្ត្រីចុះតាមមូលដ្ឋានជាមួយ លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ ដោយទុកឲ្យលោកអនុសេនីយ៍ត្រី ប៊ុន សត្យារិទ្ធ ជាអ្នកទទួលខុសត្រូវអនុវត្ត។
អធិការរងដដែលបានបញ្ជាក់ថា ក្រោយទទួលបានដំណឹងពីការរត់គេចខ្លួន របស់អ្នកទោសខាងផ្នែកជំនាញ ក៏បានព្រមានធ្វើការអប់រំ ពិន័យទៅលើមន្ត្រីដែលជាអ្នកទទួលខុសត្រូវអនុវត្តផងដែរ នេះក៏ព្រោះតែមន្ត្រីមិនបានខិតខំប្រឹងប្រែងធ្វើការ ។
លោកថា ចំពោះជនសង្ស័យដែលរត់គេចខ្លួននេះ គឺពាក់ព័ន្ធបទល្មើសប្រើប្រាស់គ្រឿងញៀន ដែលត្រូវបង្ក្រាប និងចាប់ខ្លួនជាមួយបក្ខពួកមួយចំនួនទៀត។
សូមបញ្ជាក់ថា ជនសង្ស័យពាក់ព័ន្ធបទល្មើសប្រើប្រាស់គ្រឿងញៀនម្នាក់ បានរត់គេចខ្លួន ដោយសុវត្ថិភាព កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីមន្ត្រីទទួលខុសត្រូវបានបញ្ជាឲ្យជននោះ ជួយបោសសំអាតរើសសំរាមនៅជុំវិញទីតាំងកើតហេតុក្នុងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្រោយស្ទះលូ។
បច្ចុប្បន្នកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បាននិងកំពុងស្វែងរកចាប់ខ្លួនជន សង្ស័យគ្រឿងញៀនដែលកំពុងរត់គេចខ្លួននេះហើយ៕