(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ថ្លែងថា ក្នុងឆ្នាំ២០១៦កន្លងទៅនេះ តាមរយៈលទ្ធផលនៃការបង្រ្កាបឃើញថា បទល្មើសនៃអំពើអាជីវកម្មផ្លូវភេទមានការថយចុះចំនួន ១៨ករណី ស្មើនឹង១៩,១៤៨ភាគរយ និងពលករចំណាកស្រុកថយចុះ ១៣២.៣១២នាក់ ស្មើនឹង ២៩,៣៤ភាគរយ។
នៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុប ដំណើរការចំណុចខ្ពស់វាយលុកបង្រ្កាបបទល្មើសជួញដូរមនុស្សឆ្លងដែនរវាង កម្ពុជា-វៀតណាម-ឡាវ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅសណ្ឋាគារភ្នំពេញ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា អំពើជួញដូរ និងរត់ពន្ធមនុស្ស គឺជាបទឧក្រិដ្ឋ ដែលមានខ្សែរយៈបណ្តាញស្ទើរតែគ្រប់តំបន់ និងបានពង្រីកភូមិសាស្រ្តធ្វើសកម្មភាពកាន់តែធំ ប្រកបដោយល្បិចកលស្មុគ្រស្មាញ ដែលត្រូវបានពិភពលោក ចាត់ទុកជាប្រភេទបទល្មើសឧក្រិដ្ឋ ដែលបង្កើត បញ្ហាប្រឈមជាសកល។
តាមទិន្នន័យប៉ាន់ស្មានរបស់អង្គការពលកម្មអន្តរជាតិ (ILO) មានជនរងគ្រោះដោយ អំពើជួញដូរប្រមាណ២១លាននាក់ រួមទាំងជនរងគ្រោះពីប្រទេសកម្ពុជា វៀតណាម ឡាវ ផងដែរ។ ចំពោះផលប្រយោជន៍ដែលពួកឧក្រិដ្ឋជនទទួលបានពីអំពើជួញដូរនេះប្រមាណ ១៥០កោដិដុល្លារក្នុងមួយឆ្នាំ ក្នុងនោះ ៦៨ភាគរយ ជាអំពើជួញដូរកម្លាំងពលកម្មដោយបង្ខំ និងក្រៅពីនេះជាអំពើជួញដូរបម្រើឲ្យអាជីវកម្មផ្លូវភេទ។
នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាក់ថា កិច្ចប្រជុំលើកទី៣នេះ បានឆ្លុះបញ្ចាំងឲ្យឃើញនូវកិច្ចសហប្រតិបត្តិការរវាងអង្គភាពជំនាញ នៃប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ ដែលក្នុងនោះបានកត់ សម្គាល់ឃើញថា ការរៀបចំពង្រឹងយន្តការទំនាក់ទំនងផ្លាស់ប្តូរព័ត៌មានឲ្យគ្នាទៅវិញទៅមកបានទាន់ពេលវេលា គឺជាវិធានការដែលមានអាទិភាពខ្ពស់អាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅតាមសំណូមពរនៃការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើស និងការជួយសង្រ្គោះ ជនរងគ្រោះ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានជំរុញឲ្យប្រទេសទាំងបីត្រូវបន្តពង្រឹងកិច្ច សហប្រតិបត្តិការផ្លាស់ប្តូរ ព័ត៌មានទៅវិញទៅមកតាមរយៈយន្តការដែលស្រាប់, ពង្រឹងសកម្មភាពត្រួតពិនិត្យ តាមច្រកព្រំដែន សំដៅទប់ស្កាត់ឲ្យបាននូវលំហូរចេញចូល ដោយខុសច្បាប់ក្នុងការរត់ពន្ធ និងជួញដូរមនុស្ស, បង្កើនសមត្ថភាពរបស់មន្រ្តីអនុវត្តច្បាប់ តាមរយៈការជួយគ្នាទៅវិញទៅមកក្នុងការផ្លាស់ប្តូរបទពិសោធន៍ ការបណ្តុះបណ្តាលបំប៉នជំនាញ និងបន្តការផ្លាស់ប្តូរកិច្ចប្រជុំតាមការកំណត់, ត្រូវរៀបចំក្រុមប្រចាំការអចិន្រ្តៃយ៍រៀងៗខ្លួន ដើម្បីត្រៀមសហការ ដោះស្រាយហេតុការណ៍ បន្ទាន់នានាពាក់ព័ន្ធ ការប្រឆាំងនឹងអំពើជួញដូរមនុស្ស ឆ្លងកាត់ព្រំដែននៃប្រទេសទាំងបី ដោយផ្តល់ឲ្យគ្នាទៅវិញទៅមកនូវអាស័យដ្ឋានទំនាក់ទំនង, ត្រូវសហការជាមួយអាជ្ញាធរដែនដី ជាពិសេសតំបន់ជាប់ព្រំដែន ដើម្បីអប់រំប្រជាពលរដ្ឋឲ្យ ជ្រួតជ្រាបយល់ដឹងពីផលប៉ះពាល់ នៃគ្រោះថ្នាក់ ក៏ដូចជាល្បិចកលរបស់ពួកឧក្រិដ្ឋជន ឬមេខ្យល់ជួញដូរមនុស្ស។
ក្នុងឱកាសនោះដែរ ភាគីទាំងបីក៏បានចុះនូវអនុសារណៈនៃការយោគយល់គ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង អំពើជួញដូរឆ្លងដែនផងដែរ៕