(ភ្នំពេញ)៖ រថយន្ត Lexus570 មួយគ្រឿង បើកដោយបុរសម្នាក់ ឆ្លងផ្លូវមិនប្រយត្ន័ត្រូវបុរសម្នាក់ទៀត បើករថយន្ត Camry ឆ្លាម បុកនិងរុញទៅផ្ទប់ជាប់នឹងទីតាំងអតីត ពេទ្យឃឹមរ៉ានី បណ្តាលឲ្យខូចខាតរថយន្តទាំងសងខាង តែមិនបណ្តាលឲ្យមនុស្សរងរបួសនោះទេ។
ហេតុការណ៍នេះ បានកើតឡើងនាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោងខាងលើគេបានឃើញរថយន្ត Lexus570 ពណ៌ខ្មៅស្លាកលេខភ្នំពេញ 2Z-0006 បើកដោយយុវជនម្នាក់ តាមបណ្តោយផ្លូវលេខ៥២៨ លុះបើកមកដល់ចំណុចកើតហេតុត្រង់ផ្លូវបែកជាបួន ក៏មានរថយន្ត Camry ឆ្លាមមួយគ្រឿងដែលបើកដោយបុរសម្នាក់ បានមកដល់ដែរ ធ្វើឲ្យរថយន្ត Camry ឆ្លាមនោះបើកទៅបុក Lexus 570 រួចរុញផ្ទប់នឹងអតីតពេទ្យឃឹមរ៉ានី ទើបទៅមុខលែងរួច បណ្តាលឲ្យខូចរថយន្តទាំង២គ្រឿង តែមិនមានមនុស្សរងរបួសនោះទេ។
ក្រោយកើតហេតុ រថយន្តទាំង២គ្រឿង ត្រូវសមត្ថកិច្ចជំនាញស្ទួច យកទៅរក្សារទុក ព្រោះពុំមានម្ចាស់ នៅដោះស្រាយជាមួយគ្នានោះទេ៕