(ក្រចេះ)៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្បែរផ្សារស្នួល ស្រុកស្នួល ខេត្តក្រចេះ បានរលត់ទាំងស្រុងហើយ នៅវេលាម៉ោង៩៖៤៥នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ដែលបានដឹកនាំប្រតិបត្តិការនេះផ្ទាល់ បានបញ្ជាក់ថា អគ្គិភ័យនេះបានបំផ្លាញផ្ទះតូចៗរបស់ពលរដ្ឋចំនួន៤ខ្នង ប៉ុន្ដែមិនបានរីករាដាលដល់ផ្សារស្នួល ក៏ដូចជាផ្ទះពលរដ្ឋផ្សេងទៀត​នោះទេ ដោយសារមានការជួយអន្ដរាគមន៍ទាន់ពេលវេលា។

ជាមួយគ្នានោះ លោកស្នងការបន្ថែមថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញរបស់លោក បានប្រើប្រាស់រថយន្ដពន្លត់​អគ្គិភ័យអស់៣គ្រឿង មកពីស្នងការដ្ឋាននគរបាលស្រុកស្នួល និងស្នងការដ្ឋាននគរបាលខេត្ត ប៉ុន្ដែទោះជាយ៉ាងណា លោកមិនទាន់បានឲ្យដឹងពីមូលហេតុពិតប្រាកដនោះទេ ព្រោះពេលនេះជំនាញកំពុងសួរនាំ និងស្រាវជ្រាវបន្ដ៕