(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបញ្ជូនខ្លួនជនសង្ស័យជាស្រ្តីម្នាក់ រួមនិងម៉ាទឹកកក៣៧កញ្ចប់ ទៅតុលាការខេត្ត នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីកម្លាំងជំនាញ នៅអធិការស្រុកកំរៀង បានឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។
លោក ស៊ាន សូណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យជាស្រ្តីនេះឈ្មោះ វ៉ែន វួច អាយុ៥០ឆ្នាំ មានទីលំនៅកើតហេតុខាងលើ។
លោកបញ្ជាក់ថា កម្លាំងស្រុកបានប្រទះឃើញមុខសញ្ញាចាស់ កំពុងធ្វើសកម្មភាព ក៏បានហៅសួរនាំ និងឆែករកឃើញថ្នាំញៀនម៉ាទឹកកកក្នុងខ្លួន មានចំនួន១ថង់ ខណៈពេលជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរ ហើយនាំយកមកអធិការស្រុកដើម្បីសួរនាំ រួចឈានដល់ធ្វើការឆែកឆេរផ្ទះមួយកន្លែងទៀត បានរកឃើញម៉ាទឹកកក៣៦កញ្ចប់ទៀត និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នកម្លាំងជំនាញ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅតុលាការខេត្តដើម្បីចាត់ការច្បាប់រួចហើយ៕