(ភ្នំពេញ)៖ ដល់ក! ជនសង្ស័យម្នាក់ក្នុងចំណោម១១នាក់ ដែលកម្លាំងនគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវរហូតបង្ក្រាប ឃាត់ខ្លួនបាន កាលពីម្សិលមិញ ពាក់ព័ន្ធករណីគ្រឿងញៀននោះ ស្រាប់តែបានរត់គេចខ្លួនដោយសុវត្ថិភាពទៅហើយ  ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យដែលរត់គេចខ្លួន នៅពុំទាន់ស្គាល់ពីអត្តសញ្ញាណទេ ប៉ុន្តែការរត់គេចខ្លួនរបស់ជនគ្រឿងញៀន​ម្នាក់នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីលោក អ៉ីវ  ឈុនផេង អធិការរង ទទួលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានដោះខ្នោះដៃចេញ ហើយបញ្ជាឲ្យជននោះ ជួយបោសសំអាតរើសសំរាមនៅជុំវិញទីតាំង​កើតហេតុ ក្នុងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្រោយស្ទះលូ។

ប្រភពបានបន្ថែមថា មកទល់ពេលនេះ កម្លាំងនគរបាលខណ្ឌឫស្សីកែវ កំពុងបន្តសកម្មភាពសហការ ស្វែងរកចាប់ខ្លួនជន សង្ស័យ​គ្រឿង​ញៀន ដែលកំពុងរត់គេច​ខ្លួនផងដែរ ៕