(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានលើកសំណើទៅគណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ី (អឺរ៉ុប-អាស៊ី) ពិចារ ណាមិនយកពន្ធរួមគ្នា ចំពោះក្រុមវិនិយោគទាំងឡាយ ដែលបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសជាសមាជិក នៃអង្គការសេដ្ឋកិច្ចអឺរ៉ាស៊ី។
សំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឲ្យលោក Tigran Sargsyan ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ី ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
បើតាមលោក ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូមអមនាយករដ្ឋមន្រ្តី បានឲ្យដឹងថា ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នោះ សម្តេចតេជោ ហ៊ុន សែន និងលោក Tigran Sargsyan បានផ្លាស់ប្តូរមតិយោបល់ និងបទពិសោធន៍ជាមួយអង្គការសេដ្ឋកិច្ចអឺរ៉ាស៊ី ពីការពង្រីក និងពង្រឹងកិច្ចសហការលើវិស័យសេដ្ឋកិច្ចជាមួយគ្នា។
សម្តេចតេជោ ហ៊ុន សែន បានលើកបញ្ជាក់អំពីកិច្ចការមួយចំនួន ដែលកម្ពុជា និងអង្គការសេដ្ឋកិច្ចអឺរ៉ាស៊ី អាចចាប់ផ្តើមធ្វើជាមួយគ្នា ដើម្បីកសាងជំនឿទុកចិត្តរវាងកម្ពុជា និងអង្គការសេដ្ឋកិច្ចអឺរ៉ាស៊ី។
ក្នុងកិច្ចសំណេះសំណាលនោះ សម្តេចនាយករដ្ឋមន្រ្តី បានលើកសំណូមពរសំខាន់ចំនួនពីរចំណុចទៅកាន់អង្គការអឺរ៉ាស៊ី ក្នុងបំណងជំរុញទីផ្សារផលិតផលរបស់កម្ពុជា។ សំណើទាំងពីរនោះរួមមាន៖ ទី១. ការការពារការវិនិយោគ និងទី២. ការមិនយកពន្ធរួមគ្នា ចំពោះក្រុមហ៊ុនវិនិយោគ ដែលបណ្តាក់ទុននៅកម្ពុជា និងនៅបណ្តាប្រទេសដែលជាសមាជិកអង្គការសេដ្ឋកិច្ចអឺរ៉ាស៊ី។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា កិច្ចសហប្រតិបត្តិការអាចធ្វើបានរវាងកម្ពុជា និងប្រទេសជាសមាជិកអឺរ៉ាស៊ី ឬ រវាងកម្ពុជាជាមួយអង្គការសេដ្ឋកិច្ចអឺរ៉ាស៊ីតែម្តង។ សម្តេចតេជោ បញ្ជាក់ថា ទិសដៅសំខាន់ធំចម្បងបំផុតសម្រាប់ប្រទេសកម្ពុជា ចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងអង្គការសេដ្ឋកិច្ចតំបន់អ៊ឺរ៉ាស៊ីនេះ ដើម្បីបង្កើនការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារថ្មី និងដើម្បីប្រទេសសមាជិកអឺរ៉ាស៊ីមានឱកាសមកបណ្តាក់ទុននៅកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំឲ្យអង្គការសេដ្ឋកិច្ចអឺរ៉ាស៊ី បើកកិច្ចពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីបង្កើនជំនឿវិនិយោគ។
ជាការឆ្លើយតប លោក Tigran Sargsyan សន្យានាំយកសំណើររបស់សម្តេចតេជោ ទៅពិភាក្សាជាមួយសមាជិក នៃអង្គការអឺរ៉ាស៊ីដើម្បីសម្រេច៕