(ភ្នំពេញ)៖ កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា ដែលកំពុងក្តោបក្តាប់អំណាចក្នុងគណបក្សសង្រ្គោះជាតិ បានលុបសារដែលមានខ្លឹមសារឌឺដងថា «លោក សម រង្ស៊ី លែងសំខាន់សម្រាប់គណបក្សសង្រ្គោះជាតិ» ចេញពីលើទំព័រ Twitter របស់កញ្ញាវិញហើយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រោមការសង្ស័យរងការរិះគន់ពីសមាជិក សមាជិកាគណបក្សសង្រ្គោះជាតិ មានសមានចិត្តជាមួយលោក សម រង្ស៊ី អតីតមេដឹកនាំរបស់ពួកគេ។
កញ្ញា កឹម មនោវិទ្យា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញនេះ បានសរសេរនៅលើទំព័រ Twitter របស់កញ្ញាថា «ឥឡូវនេះគណបក្សសង្គ្រោះជាតិ មានសំណាងក្នុងការបង្ហាញថា យើងជាគណបក្សដែលផ្អែកលើគោលគំនិតមួយ មិនមែនពឹងផ្អែក លើបុគ្គលឡើយ ហើយជ័យជំនះសម្រាប់ការបោះឆ្នោតខាងមុខនឹងបង្ហាញច្បាស់»។ សាររបស់កញ្ញា កឹម មនោវិទ្យា ដែលសរសេរបង្ហោះក្រោយលោក សម រង្ស៊ី លាចេញពីតំណែងប្រធានបក្ស និងសមាជិកគណបក្សសង្រ្គោះជាតិនេះ ត្រូវបានគេមើលឃើញថា ជាការឌឺដងឲ្យលោក សម រង្ស៊ី។
ការលុបចោលសារឌឺដងរបស់កញ្ញា កឹម មនោវិទ្យា ត្រូវបានធ្វើឡើងក្រោយពេលអង្គភាពព័ត៌មាន Fresh News បានផ្សព្វផ្សាយជាសាធរាណៈ។ មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិទម្លាយឲ្យដឹងថា ក្រោយពេលការផ្សព្វផ្សាយរបស់អង្គភាព Fresh News គណៈកម្មាធិការនាយក ក៏ដូចជាសមាជិក សមាជិកាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិជាច្រើនរូប បង្ហាញការប្រតិកម្មខ្លាំងលើសារនេះ ដោយបានចាត់ទុកជាការមើលងាយចំពោះប្រព័ន្ធដឹកនាំរបស់ លោក សម រង្ស៊ី។
សូមបញ្ជាក់ថា សារព្រលយក្នុងន័យមើលស្រាលទៅលើលោក សម រង្ស៊ី ពីសំណាក់កញ្ញា កឹម មនោវិទ្យា នេះ វាមិនជាលើកទី១នោះទេ។ កញ្ញា ក៏ធ្លាប់បានលើកផងដែរថា បើទោះបីអត់ពីលោក សម រង្ស៊ី ក៏គណបក្សសង្រ្គោះជាតិ នៅតែមានដំណើរការជាធម្មតា ព្រោះសមាជិកគណបក្សនីមួយៗ កំពុងបំពេញតួនាទីរបស់ពួកគេរៀងៗខ្លួន និងបានចោទលោក សម រង្ស៊ី ថា ជាមនុស្សគេចយករួចខ្លួន មិនហ៊ានចូលគុក។
កញ្ញា កឹម មនោវិទ្យា ត្រូវបានមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិកូតាលោក សម រង្ស៊ី រិះគន់ថា ជាក្មេងស្រីក្រអឺតក្រទមម្នាក់នៅក្នុងគណបក្សសង្រ្គោះជាតិ ប៉ុន្តែក៏ជាមនុស្សក្លាហានហ៊ាននិយាយត្រង់ដោយចំហ និងដោយមិនខ្លាចថ្នាក់ដឹកនាំបក្សឡើយ នៅពេលកញ្ញា យល់ឃើញថាខុស គឺថាខុស ហើយបើឃើញត្រូវ គឺថាត្រូវ។ កញ្ញា កឹម មនោវិទ្យា ជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ គណបក្សសង្រ្គោះជាតិ និងជាកូនស្រីសំណព្វចិត្តរបស់លោក កឹម សុខា៕