(ភ្នំពេញ)៖ អ្នកលក់ផ្កានៅតាមដងផ្លូវមួយចំនួន នៅរាជធានីភ្នំពេញ បានអះអាងថា ការលក់ផ្ការបស់ខ្លួន ក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ (Valentine's Day) នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មានអ្នកទិញច្រើនជាងមុនដែរ។
កត្តាដែលនាំឲ្យមានអ្នកទិញកើនឡើងនេះ ត្រូវបានក្រុមអ្នកលក់ផ្កាទាំងនោះ លើកឡើងផ្សេងៗគ្នាថា ដោយសារមនុស្សងាកមកទិញផ្កាជូនមនុស្សជាទីស្រឡាញ់របស់ខ្លួន ច្រើនជាងការទិញកាដូផ្សេងៗ, ការផ្សព្វផ្សាយអំពីអាជីវកម្មលក់ផ្ការបស់ពួកគាត់ មានភាពទូលំទូលាយជាងមុន, ផ្កាដែលពួកគាត់លក់ មិនត្រឹមតែត្រូវប៉ាន់ចំពោះអ្នកមានគូសង្សារដូចឆ្នាំមុនៗទេ តែឆ្នាំនេះផ្កាត្រូវបានយុវវ័យទិញយកជូនឪពុកម្ដាយ សាច់ញាតិ ឬមិត្តភក្តិរបស់ខ្លួនផងដែរ។
ទោះបីយ៉ាង ក្រសួងកិច្ចការនារី បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ពិសេសយុវវ័យសូមកុំយល់ពីអត្ថន័យទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឬប្រើប្រាស់ថ្ងៃនេះ ដើម្បីប្រព្រឹត្តសកម្មភាពពុំគប្បី ដែលប្រាសចាកពីសីលធម៌ វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់សង្គមខ្មែរ។
ក្រសួងកិច្ចការនារី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវវ័យ មេត្តាចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ អរិយធម៌ដ៏ផូរផង់របស់កម្ពុជា និងសូមកុំប្រព្រឹត្តអ្វី ដែលអាចធ្វើឲ្យយើងខ្លួនឯង សោកស្តាយមួយជីវិត។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា ទិវានៃក្តីស្រឡាញ់ ជាទិវាបង្ហាញក្តីស្រឡាញ់ទូទៅ មិនមែនសម្រាប់តែគូសេ្នហ៍។ លោកជំរុញឱ្យយុវវ័យត្រូវរក្សា និង គោរពតាមទំនៀមទំលាប់ប្រពៃណីខ្មែរឲ្យបានល្អ៕
ខាងក្រោមនេះ ជាកិច្ចសម្ភាសន៍រវាងក្រុមការងារនៃអង្គភាព Fresh News ជាមួយអ្នកលក់ផ្កានៅតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ៖