(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសតាមរយៈ Facebook ផ្លូវការរបស់លោកថា «ខ្ញុំអត់មានរៀបចំឲ្យភរិយាខ្ញុំ ឬកូនខ្ញុំណាម្នាក់ មកដឹកនាំគណបក្ស ជំនួសខ្ញុំទេ»

ការប្រកាសរបស់លោក សម រង្ស៊ី នៅពេលនេះ ធ្វើឡើងបន្ទាប់ពីមានបែកធ្លាយលិខិតមួយច្បាប់ដែលថា រូបលោកបង្គាប់ឲ្យលោក កឹម សុខា កោះប្រជុំ ជ្រើសរើសភរិយាលោក ធ្វើជាប្រធានគណបក្សជំនួសលោក។

អ្នកវិភាគភ្លឺនិយមបានលើកឡើងជាសំណួរថា «តើលោក សម រង្ស៊ី អាចបញ្ជាក់ឲ្យច្បាស់លាស់បានទេថា នៅពេលបោះឆ្នោតជ្រើសរើសប្រធានបក្សខាងមុខ លោកស្រី ជូឡុង ស៊ូមូរ៉ា មិនស្ថិតនៅក្នុងបេក្ខជនដែលត្រូវជ្រើសរើសធ្វើជាប្រធានបក្សមែនទេ?»។

សូមជំរាបថា នៅលើទំព័រធ្វីតទ័ររបស់កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់ប្រធានគណបក្សសង្រ្គោះជាតិស្តីទី កឹម សុខា បានសរសេរនៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១៧ ថា «ឥឡូវនេះគណបក្សសង្គ្រោះជាតិ មានសំណាងក្នុងការបង្ហាញថា យើងជាគណបក្សដែលផ្អែកលើគោលគំនិតមួយ មិនមែនពឹងផ្អែក លើបុគ្គលឡើយ ហើយជ័យជំនះសម្រាប់ការបោះឆ្នោតខាងមុខនឹងបង្ហាញច្បាស់»។

កញ្ញា កឹម មនោវិទ្យា និយាយយ៉ាងដូច្នេះអាចចង់មានន័យដៀមដាមថា កាលពីលោក សម រង្ស៊ី នៅធ្វើជាប្រធានបក្ស គណបក្សសង្គ្រោះជាតិនេះគ្មានសំណាង ឡើយ គឺអ្វីៗត្រូវពឹងផ្អែកតែទៅលើបុគ្គល សម រង្ស៊ី ប៉ុណ្ណោះ ឬចង់សំដៅថា លោក សម រង្ស៊ី ដឹកនាំគណបក្ស ដោយលើកបុគ្គលខ្លួនឯងជាធំជាងគណបក្ស!?

ការបង្ហាញពីការយល់ឃើញរបស់ខ្លួននេះធ្វើឡើងតែពីរថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីលោក សម រង្ស៊ី បានលាលែងចេញពីតំណែងប្រធានគណបក្សសង្គ្រោះជាតិ និងមួយថ្ងៃក្រោយពីឪពុកនាង ត្រូវបានតែងតាំងជាប្រធានស្តីទីពេញសិទ្ធិចាត់ចែងការងារក្នុងគណបក្សនេះ រហូតដល់មានការជ្រើសរើសប្រធានថ្មី ក្នុងសមាជបក្សនាពេលខាងមុខ៕