(ភ្នំពេញ)៖ លោក កោ វណ្ឌី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានសម្រេចឃុំខ្លួន នាងហ្គិច ដែលបើករថយន្តបុកប្អូនតំណាងរាស្រ្ត ដាំ សិទ្ធ ឱ្យរងរបួសធ្ងន់នោះ ដាក់ពន្ធនាគារហើយ។
ជនសង្ស័យ មានឈ្មោះ ហេង ហ្គិច ហៅ កែវ រតនៈ ឬនាងហ្គិច មានអាយុ៣៦ឆ្នាំ។ តុលាការក្រុងភ្នំពេញ បានចោទជនសង្ស័យរូបនេះ ពីបទ «បើកបរធ្វេសប្រហែសបណ្តាលឲ្យរបួសអ្នកដទៃ» តាមមាត្រា៨៣ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
គួររំលឹកថា នាថ្មីៗនេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានធ្វើឲ្យប្អូនប្រុសបង្កើតរបស់ លោកដាំ សិទ្ធ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ របួសធ្ងន់ហើយជនបង្កបានរត់គេចខ្លួន។
លោក ដាំ សិទ្ធ ធ្លាប់បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ប្អូនប្រុសឈ្មោះ មាស សុវុទ្ធី អាយុ២៧ឆ្នាំ បានឈប់អង្គុយលើម៉ូតូម៉ាក ZOOMER-X ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1FJ-5711 លើចិញ្ចើមផ្លូវលេខ៦០៨ ត្រង់ចំណុចមុខហាងសមុទ្រកំពត ក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក LEXUS-570 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ AK-7999 បើកបរពីលិចទៅកើត ដោយបើកបញ្រ្ចាសទិសទៅបុកប្អូនប្រុស ដែលឈប់ស្ងៀម បណ្ដាលឲ្យរងរបួសធ្ងន់ ។ ក្រោយហេតុការណ៍នេះ ជនបង្កបានរត់គេចខ្លួន ។
នគរបាលចរាចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា នៅដំណាក់កាលសមត្ថកិច្ច ជនបង្កនិងក្រុមគ្រួសារជនរងគ្រោះ បានជួបចរចារគ្នា ដោយក្រុមជនរងគ្រោះទាមទារសំណងជំងឺចិត្តចំនួន១១ម៉ឺនដុល្លារអាមេរិក ។ ប៉ុន្តែភាគីជនបង្ក មានលទ្ធភាពត្រឹម៥០០០ដុល្លារអាមេរិក ។ ដោយសារការចរចារពីរលើកមិនត្រូវរ៉ូវគ្នា សំណុំរឿងនេះ ត្រូវបានបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ។
សូមបញ្ជាក់ថា តុលាការក្រុងភ្នំពេញ បានសម្រេចឃាត់ជនសង្ស័យខាងលើ ក្រោយពេលដែលរូបនាង បានចៅបំភ្លឺតាមការកោះហៅរបស់តុលាការ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរនេះ៕