(កំពង់ធំ)៖ ក្នុងទិវានៃសេចក្តីស្រឡាញ់ រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹក នាំកិច្ចប្រជុំក្រុមអ្នកសារព័ត៌មានក្នុងខេត្ត ដែលមានការចូលរួមពី មន្ទីរព័ត៌មានខេត្ត ភ្នាក់ងារព័ត៌មានទំាងអស់ នៅក្នុងខេត្ត សរុបប្រមាណ៣០នាក់។
នាឱកាសនោះដែរ លោក សុខ លូ បានឡើងថា សូមអ្នកសារព័ត៌មានទំាងអស់មុននឹងផ្សព្វផ្សាយព័ត៌មាន ដែលមិនច្បាស់ត្រូវ សួរអ្នកនាំពាក្យរបស់សាលាខេត្ត។ សូមអ្នកសារព័ត៌មាន ត្រូវរក្សាឆន្ទៈរបស់ខ្លួន រក្សាភាពថ្លៃថ្នូរ មុននឹងផ្សាយព័ត៌មានគួរតែសួរ មករដ្ឋបាលខេត្តមុនជាការល្អ។ អ្នកសារព័ត៌មាន គឺដាច់ខាតត្រូវមានការថ្លឹងថ្លែង ឲ្យបានច្បាស់លាស់ មុននឹងចុះផ្សាយព័ត៌មាន អ្នកសាព័ត៌មានត្រូវ ចុះបញ្ជីឲ្យបានគ្រប់គ្នានៅមន្ទីរព័ត៌មានខេត្ត រាល់ការផ្លាស់ប្តូរទីកន្លែងបម្រើការងារ ត្រូវផ្តល់ព័ត៌មាន ដល់មន្ទីរព័ត៌មានខេត្ត ដើម្បី ងាយស្រួលក្នុងគ្រប់គ្រងព័ត៌មានឲ្យបានត្រឹមត្រូវ។
លោកបានថ្លែងថា «ចំពោះអ្នកសារព័ត៌មាន ត្រូវសិក្សាឲ្យច្បាស់ ស៊ីជម្រៅ អនុវត្តតាមច្បាប់ព័ត៌មាន យកទៅអាន ឲ្យបានយល់ពីច្បាប់ព័ត៌មាន។ អ្នកសារព័ត៌មានត្រូវចេះសួរនាំអ្នកនាំពាក្យរបស់រដ្ឋបាលខេត្ត ដើម្បីព័ត៌មានមានតម្លាភាពជៀសវាងកុំឲ្យមានប៉ះពាល់រវាង អ្នកសារព័ត៌មាន និងរដ្ឋបាលខេត្ត។ រាល់បណ្តាព័ត៌មានផ្សេងសូមសួរមកអ្នកនាំពាក្យ និងក៏មកអភិបាលខេត្ត ដើម្បីផ្តល់ព័ត៌មាន ព្រោះអ្នកសារព័ត៌មានជាផ្នែកមួយរបស់អ្នកសារព័ត៌មាន សូមឲ្យអ្នកសារព័ត៌មានត្រូវយល់ពីបញ្ហានេះ»។
លោកបានបន្តថា «អ្នកសារព័ត៌ត្រូវស្វែងរកព័ត៌មាន មិនត្រូវព័ត៌មានរត់រកយើងទេ។ ពេលខ្លះទៅយកព័ត៌មានអត់បានសួរទៀត អត់សួរ អ្នកកាន់ កម្មវិធីអត់ ស្វែងយល់ឲ្យស៊ីជម្រៅ។ ក្នុងនោះដែរអ្នកសារព័ត៌មាន បានសំណូមពរ ដល់រដ្ឋបាលសាលាខេត្តជួយផ្តល់ដំណឹងរាល់ កិច្ចប្រជុំរបស់រដ្ឋបាលខេត្តឲ្យបានដឹង និងជួយធ្វើការជួយឆ្លើយបំភ្លឺនូវរាល់បញ្ហាមុនធ្វើការចុះផ្សាយជាមួយពាក់ព័ន្ធសមត្ថកិច្ចក្នុងខេត្ត ព្រោះអ្នកសារព័ត៌នេះហើយជាកញ្ចក់ឆ្លុះដើម្បីស្ថាបនា»។