(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋ ជាអ្នកប្រកបរបររត់ម៉ូតូឌុប រឺម៉ក់ និងអ្នករត់រថយន្តតាក់ស៊ី ចំនួន១៣០រូប (អ្នករត់រថយន្តតាក់ស៊ី១០នាក់) ព្រមទំាងការផ្តល់ថវិកា និងគ្រឿងបរិភោគមួយចំនួនផងដែរ។
នៅក្នុងឱកាសនោះ លោក ស សុខា បានថ្លែងថា បើទោះពីជាការរកស៊ី និងប្រកបរបរអ្វីក៏ដោយ កុំតែខុសច្បាប់ គឺមានតម្លៃទាំងអស់ ហើយសូមកុំទៅលេងល្បែងស៊ីសង ដែលធ្វើឲ្យមានការប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ និងមានរឿងរ៉ាវកើតឡើងដូចជា អំពើហិង្សានៅក្នុងគ្រួសារ។ ជាមួយគ្នានេះ លោក ស សុខា ក៏បានសុំទោសទៅកាន់ប្រជាពលរដ្ឋទាំងអស់ ចំពោះការខុសឆ្គងទាំងឡាយ ដែលលោក និងក្រុមការងារ បានចូលរួមសកម្មភាពនានា នាពេលកន្លងទៅ។
ទាំងលោក ស សុខា និងអភិបាលខេត្តព្រៃវែង បានផ្តាំផ្ញើ និងជំរុញដល់បងប្អូនទាំងអស់ ត្រូវចូលរួមកាន់តែខ្លាំងឡើងចំពោះ ការធ្វើដំណើរតាមដងផ្លូវ ដោយត្រូវគោរពច្បាប់ចរាចរណ៍ឲ្យខ្លាំង ដូចជា មិនត្រូវសេពគ្រឿងស្រវឹង បើកបរមិនឲ្យលើសល្បឿនកំណត់ សូមកុំបើកប្រជែងខុសច្បាប់ និងសូមត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តឲ្យបានល្អ មុនពេលធ្វើដំណើរ។
លោកតំណាងរាស្រ្តវ័យក្មេងរូបនេះ ក៏បានជំរុញដល់ក្រុមការងារទាំងអស់ នៅក្នុងខេត្តព្រៃវែង ត្រូវបង្កើនសកម្មភាពលើការ ចុះជួយប្រជាពលរដ្ឋ តាមមូលដ្ឋាន ក៏ដូចជាចែកមូលនិធិសម្តេចក្រឡាហោម ស ខេង ចំពោះស្ត្រីឆ្លងទន្លេ និងគ្រួសារមរណៈ។
នៅក្នុងពិធីសំណេះសំណាល និងមានការហូបចុកផងនោះ លោក ស សុខា និងលោក ជា សុមេធី បានផ្តល់ថវិកាម្នាក់ៗ ចំនួន៥ម៉ឺនរៀល អង្ករ២៥គីឡូ ទឹកត្រីមួយយួរ និងទឹកស៊ីវអ៊ីវមួយយួរផងដែរ៕