(បន្ទាយមានជ័យ)៖ លោក ឡេង ហុងលាង មេបញ្ជាការផ្នែកសឹករងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរងការចោទថារំលោភយកដីធ្លីពី ប្រជាពលរដ្ឋចំនួន៣០គ្រួសារ ហើយជម្លោះនេះបានកើតឡើងតាំងពីឆ្នាំ២០០៩ តែរហូតមកដល់ពេលនេះមិនទាន់ដោះស្រាយចេញនៅឡើយ។
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា «បញ្ហាទំនាស់ដីធ្លីនេះ កើតឡើងយូរមកហើយ តែការដោះស្រាយទំនាស់ រវាងគូរភាគីទាំងសងខាងឲ្យបញ្ចប់ទៅបាន សំខាន់ត្រូវមានការយោគយល់គ្នា អាធ្យាស្រ័យឲ្យគ្នា ទើបការដោះស្រាយ បញ្ចប់ទៅបានដោយរលូន»។
លោកបានបញ្ជាក់ថា ដំណោះស្រាយដីធ្លី ត្រូវអនុវត្តតាមច្បាប់មានដូចជា ដីទំនាស់ដែលមានប័ណ្ណកម្មសិទ្ធិត្រូវដោះស្រាយនៅប្រព័ន្ធតុលាការ និងដីទំនាស់គ្មានប័ណ្ណកម្មសិទ្ធិ ត្រូវដោះស្រាយដោយគណៈកម្មាធិការដោះស្រាយវិវាទដីធ្លី មានថ្នាក់ខេត្ត ស្រុក/ក្រុង។
លោក លី សារី បានសំណូមពរដល់គូរភាគីទំនាស់ ទាំងសងខាង ត្រូវមានការយោគយល់គ្នា ទើបអាចដោះស្រាយបញ្ចប់ និងទទួលបានភាពយុត្តិធម៌ទាំងសងខាង ពីគណៈកម្មាធិការដោះស្រាយវិវាទដីធ្លីនាពេលឆាប់ៗនេះ។
សូមបញ្ជាក់ថា កិច្ចពិភាក្សាដោះរវាងប្រជាពលរដ្ឋចំនួន៣០គ្រួសារ និងមេផ្នែកយោធាសឹករងប៉ោយប៉ែត លើទំហីដី ៥០,៨៥០ ម៉ែត្រការេ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាប្រជុំសាលាខេត្តបន្ទាយមានជ័យ។
តំណាងប្រជាពលរដ្ឋបានប្រាប់ថា លោកឡេង ហុងលាង បានរំលោភយកដី របស់ពួកគាត់ដែលមានផ្ទៃដីទំហំ៥០,៨៥០ម៉ែត្រការេ នៅឆ្នាំ២០០៩ រហូតពេលនេះ មិនទាន់បានដោះស្រាយចេញដែលមានទីតាំងភូមិទួលប្រាសាទ សង្កាត់/ក្រុងប៉ោយប៉ែត។
យ៉ាងណាក៏ដោយ តំណាងផ្នែកសឹករងក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ដីវីវាទដែលមានទំនាស់ជាមួយប្រជាពលរដ្ឋចំនួន ៣០គ្រួសារនេះ គឺជាដីរបស់ទីតាំងបន្ទាយទាហានអង្គភាព កងអនុសេនាធំ ចំណុះឲ្យផ្នែកសឹករងក្រុងប៉ោយប៉ែត ដែលគ្រប់គ្រងតាំងពីឆ្នាំ២០០៩ ដែលមានផ្ទៃដី ១៣,០០០ម៉ែត្រក្រឡា មានសាងសង់បន្ទាយ និងលំនៅដ្ឋានគ្រួសារទាហានតែប៉ុណ្ណោះ៕