(ភ្នំពេញ)៖ ហាងនំ បុ័ងប្រ៊េដថក សហការណ៍ជាមួយក្រុមហ៊ុនអូគីដេវីឡា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអញ្ជើញចុះសួរសុខទុក្ខកុមារកំព្រា នៅ «បុរីទារក និងកុមារជាតិ» និងនាំយកអំណោយមួយចំនួន ជូនដល់កុមារមានដូចជា នំដូណាត់ អាហារថ្ងៃត្រង់ សម្ភារៈប្រើប្រាស់ និងអំណោយមួយចំនួនទៀតផងដែល។
ការចុះសួរសុខទុក្ខនេះ គឺធ្វើឡើងដើម្បីចែករំលែកក្តីស្រលាញ់ សម្រាប់ឱកាសទិវានៃក្តីស្រឡាញ់ បង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំហាងនំបុ័ងប្រ៊េដថក និងក្រុមហ៊ុនអូគីដេវីឡា។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី ចម ក្រស្នា បានថ្លែងថា ហាងនំបុ័ងប្រ៊េដថក តែងតែយកចិត្តទុកដាក់លើ កុមារកំព្រាដែលរស់នៅតាមមណ្ឌលនានា ព្រោះតែពួកគេជាកុមារអភ័ព្វជាងកុមារធម្មតា និងជួបការលំបាកច្រើន។
លោកស្រី ក៏បានលើកទឹកចិត្តដល់អង្គការ រួមនិងម៉ែដោះទាំងអស់ ជួយយកចិត្តទុកដាក់ និងថែទាំលើកុមារកំព្រាឲ្យបានខ្ពស់ ដើម្បីឲ្យពួកគេទទួលបានការរស់នៅមួយល្អប្រសើរ។
សូមបញ្ជាក់ថា «បុរីទារក និងកុមារជាតិ» ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ៕