(ព្រះវិហារ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាល ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ចាប់វាយខ្នោះ បន្ទាប់ពីបានចាប់រំលោភក្មួយស្រី បង្កើតអាយុ៩ឆ្នាំ រហូតបានសម្រេច នៅពេលដែលឪពុកនាង បានយកទៅផ្ញើនឹងឪពុកមារូបនេះ រួចទៅចំការបាត់។ ការឃាត់ខ្លួន ជនសង្ស័យរូបនេះ បានធ្វើឡើងនៅភូមិសែនគង់ ឃុំចំរើន ស្រុកសង្គមថ្មី បន្ទាប់ពីឪពុកម្តាយក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ចនគរបាល។
លោកវរសេនីយ៍ត្រី ជួន មឿន អធិការនគរបាលស្រុកសង្គមថ្មី នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានប្រាប់ភ្នាក់ងារ Fresh News ថា មុនពេលកើតហេតុឪពុកម្តាយក្មេងស្រី ជនរងគ្រោះ បានយកនាងមកផ្ញើឪពុកមា (ម្តាយជនរងគ្រោះ និងជនសង្ស័យជាបងប្អូន បង្កើត) ហើយក៏ធ្វើដំណើរទៅចំការទៅ។ លុះដល់ថ្ងៃកើតហេតុ តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ជនសង្ស័យបានហៅជនរងគ្រោះ ទៅព្រៃដុបក្បែរផ្ទះ រួចធ្វើសកម្មភាពរំលោភ រហូតបានសម្រេច។
ក្រោយពីឪពុកមារំលោភរួច ជនរងគ្រោះមិនដឹងនិយាយប្រាប់អ្នកណា ក៏ចេះតែនៅស្ងៀមទៅ។ លុះពេលម្តាយមកពីចំការវិញ ជនរងគ្រោះបាននិយាយរៀបរាប់ប្រាប់ម្តាយៗ ក៏បានមកប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។ លោកអធិការស្រុក បានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ សាប សុញ អាយុ២៣ឆ្នាំ ចំណែកជនរងគ្រោះមានឈ្មោះ ស.ម។
ក្រោយការសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការ បន្តទៅតាមច្បាប់៕