(ភ្នំពេញ)៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងពីការប្តេជ្ញាចិត្តក្នុងការ ចូលរួមលើកម្ពស់ ការបញ្ជ្រាបការយល់ដឹងពីយេនឌ័រ ដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីឲ្យយល់ច្បាស់ ពីការឲ្យតម្លៃទៅលើស្រ្ដី និងជៀសវាងការប្រើប្រាស់ហិង្សានានាលើស្រ្ដី និងកុមារ រួមមានការជួញដូរ ការរំលោភសេពសន្ថវៈ និងការរើសអើងស្រ្ដីជាដើម។
ការចូលរួមបញ្ជ្រាបការយល់ដឹងយេនឌ័រនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមសិក្ខាសាលាស្ដីពី «ការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ដបញ្ជា្រប យេនឌ័រ ក្នុងវិស័យអាកាសចរស៊ីវិល ឆ្នាំ២០១៧-២០២១» ដោយមានការចូលរួម ពីសំណាក់លោកស្រី ប៉ុន បញ្ញាវិចិត្រ នាយិកាប្រតិបត្តអង្គការកម្ពុជា ដើម្បីស្ដ្រីមានវិបត្តិ រួមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ នាសណ្ឋាគារភ្នំពេញ។
លោក ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងដែរថា «ក្នុងនាមខ្ញុំជាអ្នកដឹកនាំកំពូល របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលខ្ញុំតែងតែ គាំទ្រការជ្រើសរើស និងតែងតាំងស្ត្រីឲ្យក្លាយជាថ្នាក់ដឹកនាំ ក្នុងអង្គភាពនានា ស្របទៅតាមចំណេះដឹង ជំនាញនិងបទពិសោធន៍ ការងាររបស់ពួកគាត់ ហើយក្នុងរយៈពេលចុងក្រោយនេះ ក៏មានការតែងតាំងស្រ្តីជាបន្តបន្ទាប់។ រហូតមកដល់ពេលនេះរដ្ឋលេខា ធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានស្រ្តីក្នុងជួរថ្នាក់ដឹកនាំ ជាប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន ជាអគ្គនាយករង ទីប្រឹក្សាជាស្ត្រីឋានៈស្មើអគ្គនាយក និងរហូតមានដល់អនុរដ្ឋលេខាធិការផងដែរ»។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានរៀបចំផែនការយុទ្ធសាស្ត្រ បញ្ជ្រាបយេនឌ័រ រយៈពេល០៥ឆ្នាំ (២០១៧-២០២១) ស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងអនុវត្តឱ្យបានខ្ជាប់ខ្ជូន នូវអនុសញ្ញាស្តីពីការលុបបំបាត់ រាល់ទម្រង់នៃ ការរើសអើងប្រឆាំងនារីភេទ ក្នុងគោលបំណង ដើម្បីចូលរួមចំណែកលើកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ ស្ត្រីមួយកម្រិតថែមទៀត។
ផែនការយុទ្ធសាស្រ្តនេះ បានបង្ហាញនូវទស្សនវិស័យសម្រាប់រយៈពេល០៥ឆ្នាំខាងមុខ ដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាព
ដល់ស្ត្រីក្នុងវិស័យអាកាសចរណ៍ស៊ីវិល ធ្វើឱ្យស្ថានភាពស្ត្រី ក្នុងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៅក្នុងបណ្តាលក្រុមហ៊ុន ឯកជន និងភាគីពាក់ពន្ឋ័កាន់តែ មានភាពប្រសើរឡើង ដើម្បីបំពេញតួនាទីរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវពេលអនុវត្តកិច្ចការងារ ជាប្រចាំ និងការបំពេញភារកិច្ចអន្តរជាតិ។
លោកបានបន្ដទៀតថា «ខ្ញុំសង្ឃឹមថា តួនាទីរបស់ស្រ្តីនៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល នឹងកាន់តែត្រូវបានលើកកម្ពស់តាមរយៈការ អនុវត្តផែនការយុទ្ធសាស្រ្តយេនឌ័រ ដែលត្រូវបានដាក់បញ្ចូល ជាយុទ្ធសាស្រ្តដ៏សំខាន់មួយ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិលនាពេលនេះ ហើយស្រ្ដីនឹងបានចូលរួម បំពេញនូវតួនាទីភារកិច្ចចំបងក្នុងការលើកកម្ពស់ពង្រឹងនូវ សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល ប្រកបដោយចីរភាព សំដៅរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការរីកចម្រើន»។
ស្រ្ដីនិងកុមារមួយចំនួន ត្រូវទទួលរងនៅអំពើហិង្សាគ្រប់រូបភាព រួមមានការវាយដំ ការគំរាមកំហែង ការជួញដូរ ជាដើមការទទួលរង នៅហិង្សាគ្រប់រូបភាពបែបនេះ បានធ្វើឲ្យស្ដ្រី និងកុមារមានការភ័យខ្លាចជាខ្លាំង។ ដើម្បីលើកកម្ពស់ស្រ្ដីពីការរើសអើងលុបបំបាត នៅការប្រើប្រាស់ហិង្សាលើស្រ្ដីគ្រប់រូបភាព ច្បាប់នឹងដាក់ទោសចំពោះ បុរសណាដែលប្រើប្រាស់អំពើ ហិង្សា ទៅលើស្រ្ដីភេទ និងកុមារ។
ជាមួយគ្នានេះលោកស្រី ប៉ុន បញ្ញាវិចិត្រ បានឲ្យដឹងថា «កន្លងមកមានការផ្សព្វផ្សាយពីការយល់ដឹង និងលុបបំបាត់នៅការប្រើប្រាស់ អំពើហិង្សាលើស្រ្ដី ប៉ុន្ដែមិនអាចលុបបំបាត់ទាំងស្រុងទេ ការប្រើប្រាស់ហិង្សាលើស្រីនៅកម្ពុជា នៅតែកើតមានឡើងកត្តាដែល បណ្ដាលឲ្យកើត មានឡើងបណ្ដាលមកពីប្រជាពលរដ្ឋ មួយចំនួនរស់នៅតាមជនបទមិនទាន់ យល់ដឹងច្បាស់នៅឡើយ សម្រាប់អ្នកយល់ដឹង គឺមានតិចតួចតែប៉ុណ្ណោះ»។
លោកស្រីបញ្ជាក់ថា ដើម្បីលុបបំបាត់ការប្រើហិង្សានេះ យើងត្រូវបញ្ជ្រាបការយល់ដឹងទាំងនេះ ទៅឲ្យបុរស និងស្រី្ដដើម្បីឲ្យពួកគេកាន់ តែយល់ច្បាស់ព្រោះថា ការប្រើប្រាស់ហិង្សាទៅលើស្រ្ដីវាជារឿងមួយដែលមិនល្អ និងអាក្រក់បំផុតក្នុងសង្គមជាតិនិងសង្គមគ្រួសារ មួយវិញទៀតប្រសិនជាបុរសប្រើប្រាស់អំពើហិង្សាទៅលើស្រ្ដី នោះពួកគេនឹងប្រឈមមុខទៅតាមផ្លូវច្បាប់ផងដែរ៕