(ភ្នំពេញ)៖ ជម្លោះដីធ្លីដ៏រាំរ៉ៃរវាង លោកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ ជាមួយសាលារាជធានីភ្នំពេញ នឹងត្រូវតុលាការកំពូលបើកសវនាការ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីមន្រ្តីតុលាការកំពូល។

សវនាការនេះ នឹងដឹកនាំដោយ លោកឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល និង លោក វ៉េង ប៊ុនធឿន ជាតំណាងមហាអយ្យការ។
មន្ត្រីតុលាការកំពូល បញ្ជាក់ថា លោកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ អាយុ៥៨ឆ្នាំ ជាប់ចោទពីបទ «ធ្វើឲ្យប៉ះពាល់កម្មសិទ្ធិសាធារណៈ» ដែលប្រព្រឹត្តនៅភូមិសំយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ ។

គួររំលឹកថា លោកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសកំបាំងមុខដាក់ពន្ធនាគាររយៈពេល៤ឆ្នាំ៦ខែ តែត្រូវសាលាឧទ្ធរណ៍បន្ថយទោស មកត្រឹម២ឆ្នាំវិញ កាលពីឆ្នាំ២០១៤។ បច្ចុប្បន្នលោកស្រី ឈិន សុគន្ធារី បានរត់គេចខ្លួនបាត់ទៅហើយ តែរឿងក្តីនៅតុលាការ គឺមានមេធាវី ដើម្បីតតាំងនីតិវិធីគ្រប់ដំណាក់កាល។

លោកស្រី ឈិន សុគន្ធារី ត្រូវបានជាប់ងារជាយាយក្រពើ បន្ទាប់ពីលោកស្រីប្រមូលទិញដីពីពលរដ្ឋជាង ៣៤ហិកតា នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តាំងពីឆ្នាំ១៩៩៩ ត្រៀមសាងសង់សួនអភិរក្សសត្វក្រពើខ្នាតអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ។

សាលារាជធានីភ្នំពេញ ដែលកាលណោះគ្រប់គ្រងដោយ លោក កែប ជុតិមា បានយកដីរបស់យាយក្រពើ ទាំងអស់ដាក់ជាសម្បត្តិរដ្ឋតាមអនុក្រឹត្យលេខ១០១ ចេញកាលពីខែកក្កដា ឆ្នាំ២០១២ ក្រោមលេសថា ទុកធ្វើជាអាងស្តុកទឹកនៅរដូវវស្សា។ ប៉ុន្តែភ្លាមៗក្រោយពីរឹបអូសដីរបស់លោកស្រីរួចហើយនោះ សាលាក្រុងបែរជាស្នើសុំទៅរដ្ឋាភិបាលម្ដងទៀត ដោយអនុបយោគដីនោះពីដីរបស់រដ្ឋទៅដីឯកជនរបស់រដ្ឋវិញ។
បច្ចុប្បន្នដីមានទំនាស់កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់បុរីពិភពថ្មី ដែលកំពុងសាងសង់ផ្ទះរាប់រយល្វែងសម្រាប់លក់៕