(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានថ្លែងថា ក្នុងអាណត្ដិទី៤នេះ ទាំងមន្ដ្រីរាជរដ្ឋាភិបាល សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន សមាជិករដ្ឋសភា នៃសមាជិកគណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការបក្សរាជធានី ខេត្ដទាំង២៥ខេត្ដ ទូទាំងប្រទេស និងដៃគូពាក់ព័ន្ធទាំងអស់
នឹងបន្ដគាំទ្រ ក្នុងការបង្កើនចំនួនស្ដ្រី ចូលរួមឈរឈ្មោះ ជាបេក្ខជនក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៤នេះ ។
លោកស្ដ្រីថ្លែងបែបនេះ ក្នុងកិច្ចប្រជុំស្ដីពី ការគាំទ្រស្ដ្រីជាបេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៤ ឆ្នាំ២០១៧-២០២២ នៅថ្ងៃទី១៤ កុម្ភៈឆ្នាំ២០១៧នេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ។
លោកស្រីបន្ដថា «យើងនឹងសហការគ្នា ជាមួយភាគីពាក់ព័ន្ធដើម្បី ស្វែងយល់ពីគោលនយោបាយ និងយុទ្ធសាស្ដ្ររបស់គណបក្ស ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់អំណាចដល់ស្ដ្រី ក្នុងការឈរឈ្មោះបោះឆ្នោតនៅមូលដ្ឋាន ហើយត្រូវស្វែងរកការគាំទ្ររបស់គណបក្សនយោបាយដល់បេក្ខជន ជាស្ដ្រីដែលមានសក្ដានុពលឈរឈ្មោះនៅក្នុងបញ្ជី បេក្ខជនក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៤នេះ រួមទាំងស្វែងរកការប្ដេជ្ញាចិត្ដរបស់គណបក្សនយោបាយក្នុងការគាំទ្រ បន្ថែមទៀតដល់ស្ដ្រីជាបេក្ខជនឈរឈ្មោះបោះឆ្នោត និងស្ដ្រីដែលបានជាប់ឆ្នោតនៅក្នុងក្រុបប្រឹក្សាឃុំ សង្កាត់»។
លោកស្រីបន្ដថា រាជរដ្ឋាភិបាល ក៏បានរៀបចំនូវយន្ដការ ផែនការសកម្មភាព និងគម្រោងអភិវឌ្ឍនានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្ដ្រី ដោយមានការចូលរួមពីគ្រប់ស្ថាប័នជាតិ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍សង្គមស៊ីវិល វិស័យឯកជន និងប្រជាជនទូទាំង ប្រទេស បានធ្វើឲ្យស្ថានភាព និងតួនាទីរបស់ស្ដ្រី ក្នុងសង្គមត្រូវបានលើកកម្ពស់ ជាបន្ដបន្ទាប់ ពិសេសការកើនឡើង នៃអត្រាចូលរួមរបស់ស្ដ្រីក្នុងវិស័យ នយោបាយ និងការធ្វើសេចក្ដីសម្រេចចិត្ដ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្ថានប័នជាតិនៅគ្រប់លំដាប់ថ្នាក់ តែលោកស្រី និងភាគីពាក់ព័ន្ធទាំងអស់ នឹងសូមជំរុញឲ្យបង្កើនចំនួនស្រ្ដី ចូលរួមឈរឈ្មោះ ជាបេក្ខជនក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៤ នេះបន្ថែមទៀត ។
គួរបញ្ជាក់ថា ស្ថិតិស្ដ្រីក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី១៖ ២០០២-២០០៧ ចំនួនក្រុមប្រឹក្សាឃុំសង្កាត់សរុបមាន១១,២១៦ ក្នុងនោះស្ដ្រីមាន ១,០៥៦ (៩.៤៨%) ចំនួនមេឃុំ ចៅសង្កាត់មាន១,៦២១ នាក់ ក្នុងនោះស្ដ្រី៤២នាក់(២.៦%), អាណត្ដិទី២៖ ២០០៧-២០១២ ចំនួនក្រុមប្រឹក្សាសង្កាត់មាន ១១,៣៥៣នាក់ ក្នុងនោះស្ដ្រីមាន១,៧១៧ (១៥.១%)ចំនួនមេឃុំ ចៅសង្កាត់មាន១,៦២១ ក្នងនោះស្ដ្រីមាន៦៧ (៤.១%), អាណត្ដិទី៣៖ ២០១២ -២០១៧ ចំនួនក្រុមប្រឹក្សាសរុបមាន ១១,៤៥៩ ក្នុងនោះ ស្ដ្រីមាន២,០៣៨ (១៧.៧៨%) ចំនួនមេឃុំ ចៅសង្កាត់មាន១៦៣៣ ក្នុងនោះស្ដ្រីមាន១១២ (៦.៨៥%) ដូចនេះមានការកើនឡើងពី១អាណត្ដិ ទៅ១អាណត្ដិ ចាប់ផ្ដើមពី ៩.៤៨% នៅឆ្នាំ២០០២ មកដល់ ១៧.៧៨% នៅឆ្នាំ២០១៧៕