(ភ្នំពេញ)៖ តារាចម្រៀង ដែលមហាជនស្គាល់ថា តែងតែយកស្ទីលតែងខ្លួន និងស្ទីលរាំយ៉ាងរស់រវើក តាមកំពូលតារាចម្រៀង អាមេរិកលោក Michael jackson គឺតារាចម្រៀង ជុំ លីណូ កំពុងតែទទួលបានការគាំទ្រ នូវបទចម្រៀង Original song ថ្មីរបស់ខ្លួន ដែលទើបតែនឹងចេញជា MV ក្ដៅៗនេះ មានចំណងជើងថា «អត់លុយអត់លិឍ» បន្ទាប់ពីបទ «អត់សង្សារលើកដៃ» មានការគាំទ្រខ្លាំងរួចមក។

មានការចាប់អារម្មណ៍ថា បទ​«ត់លុយអត់លិឍ»នេះ ចេញមុនថ្ងៃបុណ្យនៃក្ដីស្រឡាញ់មួយថ្ងៃ ហាក់ត្រូវចិត្តខ្លាំង សម្រាប់អ្នកដែល អត់សង្សារ។ លោក លីណូ ថា លោកតម្រូវចេញបទនេះ មុនថ្ងៃ១៤កុម្ភៈ មួយថ្ងៃលោកគិតថា បទនេះ និងត្រូវចិត្តយុវវ័យដែលអត់លុយ ហើយអត់សង្សារ​​ដូចគេ។ អតីតតារាចម្រៀង របស់សាន់ដេ រូបនេះបានឲ្យដឹងដែរថា លោក​និងប្រឹងប្រែងរិះរកអ្វីដែលថ្មី បន្ថែមទៀត ដែល ក្រៅពីប្រឹងធ្វើបទ Original song លោកក៏ប្រឹង​បំបែកក្បាច់រាំថ្មីៗ​ប្លែកៗដើម្បីបម្រើអារម្មណ៍បងប្អូន ទស្សនិកជនបន្ថែមទៀត។

ខណៈដែលទើបទាញបានការគាំទ្របទ «អត់សង្សារលើកដៃ» ដែលជាបទ Original song​ លោក ជុំ លីណូ បានចេញ MV ស្នាដៃថ្មី មួយទៀតបទ «អត់លុយអត់លិឍ!» ដែលអត្ថន័យបទនេះ បុកចំបេះដូងយុវវ័យ ហើយក្រោយពេល​បង្ហោះ​​លើបណ្ដាញសង្គមភ្លាម ទាញបានការគាំទ្រគួរឲ្យភ្ញាក់ផ្អើល។ មួយរយៈចុងក្រោយនេះលោកជុំ លីណូ ដែលគេចាត់ទុកថាជាម៉ៃឃើលជេកសុនខ្មែរ ទាញបាន ការគាំទ្រតាមរយៈ បទចម្រៀងមួយចំនួនដូចជាបទ​ «យកប្រពន្ធខុស,ឥទ្ធិពលដុល្លារ» និងបទ Original song ដូចជាបទ «ខឹងបង កុំធ្វើបាប​ក្រពះ,ខ្លាចថ្ងៃមួយ, អត់សង្សារ​លើកដៃ» និងចុងក្រោយនេះ​កំពុងទទួល ​បានការគាំទ្រ​បទ «អត់លុយអត់លិឍ»

នៅដើមឆ្នាំ២០១៧ នេះ​តារាចម្រៀង ​របស់ផលិតកម្ម Sastra លោកជុំ លីណូ ចាប់ផ្ដើមមានសន្ទុះគាំ ទ្រលេចធ្លោជាថ្មី បន្ទាប់ពីមានបទ​ចម្រៀង Original song ចេញវាយលុក​លើទីផ្សារ ជាបន្តបន្ទាប់។ ជាក់ស្ដែងបន្ទាប់ពីឆក់បានការគាំទ្របទ ញាក់ «អត់សង្សារលើកដៃ» បានចេញបទហ្ស៊ីន​អុកឡុក​ទីផ្សារម្ដងទៀត គឺបទ «អត់លុយអត់លិឍ» ហើយគ្រាន់តែបង្ហោះ​​​​នៅលើបណ្ដាញសង្គមភ្លាម មានអ្នកចូលមើល​ខ្ទង់រាប់ម៉ឺននាក់​​ទៅហើយ ​និងមានអ្នក Comment លើកសរសើរ​ទៀតផង។

តារាចម្រៀង ជុំ លីណូ បានថ្លែងឲ្យដឹងថា បទនេះជាស្នាដៃថ្មី ដែលលោកសម្រិតសម្រាំងនិពន្ធទំនុកច្រៀង និងមេឡូឌី ថ្មីដោយខ្លួនឯង ហើយលោកពិតជាសប្បាយ និងរំភើបចិត្តយ៉ាងក្រៃលែង នៅពេលដែលទទួលបានការគាំទ្រ ផ្ដល់កម្លាំង ចិត្តពីទស្សនិជន ជាពិសេសមិត្តយុវវ័យ៕