(ភ្នំពេញ)៖ នៅក្នុងការកោះហៅឱ្យចូលទៅបំភ្លឺ នៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សម រង្ស៊ី និង មេធាវីរបស់លោក គឺលោក សំ សុគង់ ពុំបានចូលខ្លួនតាមការកោះហៅនោះទេ។ ជាមួយគ្នានេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងបន្តចំណាត់ការរបស់ខ្លួនចំពោះរឿងបរិហារកេរ្តិ៍នេះបន្ថែមទៀត។
ការកោះហៅឱ្យ លោក សម រង្ស៊ី ចូលបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីមានបណ្តឹងរបស់មេធាវី ការពារក្តីសម្តេចតេជោ ហ៊ុន សែន គឺលោក គី តិច ដោយចោទ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ថាបានបរិហារកេរ្តិ៍លើសម្តេចតេជោ ហ៊ុន សែន ក្រោមការចោទថាសម្តេចបានសូកលុយ១លានដុល្លារ ដល់កញ្ញា ធី សុវណ្ណថា ឱ្យធ្វើសកម្មភាពប្រឆាំងគណបក្សសង្រ្គោះជាតិ។ ករណីនេះ សម្តេចតេជោ ហ៊ុន សែន បានទាមទារសំណងជំងឺចិត្ត១លានដុល្លារ ហើយព្រមានស្នើឱ្យតុលាការរឹបអូសទ្រព្យសម្បត្តិផ្សេងៗរបស់ លោក សម រង្ស៊ី ថែមទៀត។
លោក លី សុផាណា អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា តុលាការនឹងមានចំណាត់ការបន្តចំពោះរឿងនេះ ក្រោយជនដែលតុលាការកោះហៅមិនចូលខ្លួន។ លោកថ្លែងថា «អយ្យការសម្រេចបន្តចំណាត់ការលើសំណុំរឿងខណះពេលដែលជនជាប់សង្ស័យមិនបានបង្ហាញខ្លួនតាមការកោះហៅក៏ដោយ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ក្នុងឱកាសជំនួបសំណេះសំណាលជាមួយ សកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង នៅទីក្រុងប៉ារីស លោក សម រង្ស៊ី បាននិយាយចោទសម្តេចតេជោយ៉ាងដូច្នេះថា «ចុះ...ហ៊ុន សែន សូក ធី សុវណ្ណថា មួយលានដុល្លារ ម៉េចអាណាមិនធើអី ហ៊ុន សែន ផង?...មួយលានដុល្លារ... និយាយ...លុយនោះលុយពុករលួយ ទៅសូកឲ្យមនុស្សធ្វើអាក្រក់ ថាឲ្យវាយប្រហារ...ឲ្យរករឿងគណបក្សសង្រ្គោះជាតិឲ្យធ្វើបាតុកម្ម ឬជួល នេះ ជួលនោះ...ប្រើមួយលានដុល្លារ...»។
ចំពោះករណីនេះ កញ្ញា ធី សុវណ្ណថា ក៏បានដាក់ពាក្យបណ្តឹងប្តឹង លោក សម រង្ស៊ី ដោយទាមទារសំណងជំងឺចិត្ត ៥សែនដុល្លារផងដែរ៕