(កំពង់ធំ)៖ សិស្សានុសិស្សជាង៤ពាន់នាក់ មកពីវិទ្យាល័យចំនួន៩ ក្នុងក្រុងស្ទឹងសែន បានសម្រេចចិត្ត យកថ្ងៃទី១៤កុម្ភៈ ដែលត្រូវ នឹងថ្ងៃបុណ្យនៃក្ដីស្រលាញ់ មក​ទទួល​ការអប់រំបន្ថែម ផ្នែកព្រះពុទ្ធសាសនា ខណៈដែលកន្លងមកនេះ មានសិស្សានុសិស្សខ្លះ យល់ច្រឡំថា ថ្ងៃទី១៤ កុម្ភៈនេះជាថ្ងៃ «បុណ្យសង្សារ» និងយកថ្ងៃនេះដើម្បី​ប្រគល់ ព្រហ្មចារីដល់គូសង្សារបស់ខ្លួន។

នេះជាលើកទីមួយហើយ ដែលមានសិស្សានុសិស្សចំនួនជាង៤ពាន់នាក់ ក្នុងក្រុងស្ទឹងសែន យល់ឃើញ និងជ្រើសរើសយក ថ្ងៃបុណ្យនៃក្ដីស្រលាញ់នេះ មកទទួល​ការអប់រំផ្នែកព្រះពុទ្ធសាសនាវិញ ល្អជាជាងការដើរកំសាន្ដជាមួយសង្សាររបស់ខ្លួន។

កម្មវិធីអប់រំសីលធម៌ ព្រះពុទ្ធសាសនានេះ ត្រូវបានរៀបចំឡើង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងបរិវេណវិទ្យល័យហ៊ុនសែនបល្លង្គ័ ពុទ្ធិកសមាគមកម្ពុជារដ្ឋ ស្ថិតនៅក្នុងខេត្តកំពង់ធំ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ រួមជាមួយលោក សុខ លូ អភិបាលខេត្ត កំពង់ធំ រួមទាំងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យ៉ាងច្រើនកុះករទៀតផង។

លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ បានឲ្យដឹងថា កន្លងមកវប្បធ៌មបរទេស បានញ៉ាំញ៉ី និងធ្វើឲ្យមានការយល់ច្រឡំថា ទិវាបុណ្យនៃក្ដីស្រលាញ់ គឺជាបុណ្យ​ «សង្សារ» ហើយយុវវ័យមួយចំនួនតូច ក៏បានយកថ្ងៃនេះ ដើម្បីបូជាព្រហ្មចារីរបស់ខ្លួនឯង ដើម្បីផ្ដល់ទៅឲ្យសង្សារ ក្នងន័យបញ្ជាក់ពីភក្ដីភាព ស្នេហាស្មោះស្ម័គ្រ។ ការយល់បែបនេះ របស់យុវវ័យគឺជាកំហុសឆ្គងមួយយ៉ាងធំ ចំពោះឪពុកម្ដាយ អាណាព្យាបាល ជាពិសេសគឺសង្គមជាតិ ព្រោះបណ្ដាលឲ្យវប្បធម៌ខ្មែរធ្លាក់ចុះជាខ្លាំង។

លោកស្រីបន្ដទៀថា «សម្រាប់ការសម្រេចចិត្ត របស់សិស្សានុសិស្ស ដែលបានជ្រើសរើសថ្ងៃទីបុណ្យនៃក្ដីស្រលាញ់ មកចូលរួមស្ដាប់ ទស្សទានព្រះពុទ្ធសាសនា នេះមានតម្លៃណាស់ ដែលបានបញ្ជាក់ឲ្យច្បាស់ថា នេះជាចំណែកមួយជួយដល់សិស្សានុសិស្ស ឲ្យទទួលបានការអប់រំ មួយទៀតខាងផ្នែកផ្លូវចិត្តបន្ទាប់ ពីអប់រំនៅ សាលារៀនលើចំណេះដឹងទូទៅ ឲ្យប្រព្រឹត្តិអំពើល្អដែលជាកុសល ក្នុងផ្លូវដែលសង្គមត្រូវការ និងបានជៀសឆ្ងាយពីការយល់ខុសផ្សេងៗទៀត ពិសេសការយលច្រឡំ
នៅថ្ងៃនេះតែម្ដង»

តាមរយៈការអប់រំនេះ នឹងជួយឲ្យសិស្ស ទាំងអស់អាចតម្រង់ទិសរបស់ខ្លួន ក្នុងការរៀនសូត្រឲ្យក្លាយជាកូនល្អ សិស្សល្អ មនុស្សល្អរបស់សង្គម និយកាន់តែយល់ច្បាស់​ពីតម្លៃវប្បធម៌ជាតិខ្មែរ ដោយមិនមានការជ្រួលជ្រើម ពីអរិយធម៌ វប្បធម៌បរទេស។

លោក សុខ លូ អភិបាលខេត្ត កំពង់ធំបានឲ្យដឹងថា តាមរយៈកម្មវីធី អប់រំសីលធម៌ព្រះពុទ្ធសាសនានេះនឹងបានរួមចំណែក ជួយឲ្យសិស្សានុសិស្សនៅខេត្តកំពង់ធំ កាន់តែមានការយល់ដឹងអំពីអំពើល្អ ពិសេសនឹងបានគេចផុត ពីប្រើប្រាស់គ្រឿងញៀន ឬការប្រព្រឹត្តិខុសនានាដែលនាំឲ្យវិនាសដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ។

ព្រះញ្ញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងសម្ដេចឧត្ដមចរិយា បណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរសភាសង្ឃ នៃកម្ពុជា មានសង្ឃដិការឲ្យដឹងថា កម្មវិធីទស្សនទាន ព្រះពុទ្ធសាសនានេះសារៈសំខាន់ ណាស់ដែលអាចជួយឲ្យសិស្ស បានយល់ដឹងពីតម្លៃពិតនៃការរៀនសូត្រ។ តាមរយៈអបរំតាមផ្លូវពុទ្ធសានានេះដែរ ក៏ជួយតម្រង់ទិសឲ្យសិស្ស ដែលបោះបង់ការសិក្សា ដោយប្រការផ្សេងៗ ដោយមិនដឹងខ្លួនដូចជា ការសេពគ្រឿងញៀន ឬល្បែងពាលាផ្សេងៗនោះវិលមក រកផ្លូវល្អនិងភ្ញាក់រលឹកចូលរៀន សូត្រវិញ ហើយចេះស្ដាប់ដំបូន្មានឳពុកម្ដាយ លោកគ្រូ អ្នកគ្រូ ស្គាល់គុណទោស អាក្រក់ល្អ និង ចេះគោរពចាស់ទុំ។

នៅក្នុងឱកាសនោះដែរ លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ក្នុងនាម សម្ដេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានចែកសំភារៈ ថវិកា និង សំភារៈសិក្សាមួយចំនួន ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូអ្នកគ្រូ និងបានណែនាំឲ្យសិស្សានុសិស្ស ទាំងអស់ខិតខំរៀន សូត្រស្ដាប់ដំបូន្មានឳពុក ម្ដាយ អ្នកគ្រូលោកគ្រូ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីអនាគតខ្លួន គ្រួសារ និងសង្គមជាតិ៕