(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងធនាគារជាតិនៃកម្ពុជា ណែនាំបន្តដល់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវបន្ថែមពាក្យថា «គ្រឹះស្ថានឯកជន» នៅលើស្លាកយីហោរបស់ខ្លួននោះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ធនាគារឯកទេស ខ្មែរ ភីអិលស៉ី ដែលជាធនាគារមួយ ក្នុងចំណោមធនាគារជាច្រើននៅកម្ពុជានោះ បានប្រកាសថា ខ្លួនជា «គ្រឹះស្ថានឯកជនសុទ្ធសាធ» ។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សា ទៅលើការដាក់ស្លាកសញ្ញា «គ្រឹះស្ថានឯកជន» ចំពោះគ្រប់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទាន ជនបទទាំងអស់ សំដៅជៀសវាងការភ័ន្តច្រឡំថា «គ្រឹះស្ថានទាំងនោះជារបស់រដ្ឋ»។
ជាលទ្ធផលទទួលបាន អង្គប្រជុំថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា បានសម្រេចការពិភាក្សាមួយចំនួន រួមមាន៖ ១. គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុទាំងអស់ ត្រូវបន្ថែមពាក្យថា «គ្រឹះស្ថានឯកជន» នៅលើស្លាកយីហោរបស់ខ្លួន, ២. ដាក់បង្ហាញនូវស្លាកសញ្ញា «គ្រឹះស្ថានឯកជន» នៅទីតាំងសមស្របក្នុង ស្នាក់ការរបស់ខ្លួន ដែលអតិថិជនងាយមើលឃើញ, ៣. អប់រំអតិថិជនរបស់ខ្លួនឲ្យយល់ ច្បាស់ ពីវប្បធម៌ឥណទាន និងថាជាគ្រឹះស្ថានឯកជន មិនមែនជារបស់រដ្ឋឡើយ។
សូមជំរាបថា នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រែកប្រា ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខុសរឿងខ្ចីបំណុល ពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ សម្តេចបានជំរុញឱ្យពលរដ្ឋ ចៀសវាងការខ្ចីបុល ដើម្បីយកទៅបម្រើភាពហ៊ឺហា។
ទន្ទឹមគ្នានឹងការអំពាវនាវនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជាមានការយោគយល់ខ្ពស់ សម្រាប់ប្រជាពលរដ្ឋ ដែលពុំមានលទ្ធភាពសងបំណុល ហើយត្រូវពន្យារពេល ឬបន្ថយការប្រាក់ នៅពេលដែលពួកគេ អស់លទ្ធភាព៕