(រតនគិរី)៖ កម្លាំងអាវុធហត្ថខេត្តរតនគិរី បានចុះបង្ក្រាបការដឹកជញ្ជូនឈើ នៅស្រុកអូរយ៉ាដាវ ដែលមានដឹកយកទៅលក់នៅ វៀតណាម ប៉ុន្តែបន្ទាប់ពីបង្ក្រាបបាន រហូតដកហូតវត្ថុតាងជាឈើ និងរថយន្តនោះស្រាប់តែ មានមនុស្សជិត១០០នាក់ នាំគ្នាមកឡោមព័ទ្ធកម្លាំងចង់រំដោះយក វត្ថុតាងត្រឡប់ទៅវិញ។
យ៉ាងណាក៏ដោយ កម្លាំងអាវុធហត្ថបានសហការជាមួយកម្លាំងនគរបាល បានចុះជួយអន្តរាគមន៍រហូតយកវត្ថុតាងជាឈើ និងរថយន្តកែច្នៃនោះ មករក្សាទុកនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត រង់ចំាចាត់ការបន្តទៀត។
មន្រ្តីអាវុធហត្ថខេត្តរតនគិរី បានរៀបរាប់ថា ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ អ-ហ ខេត្ត នៅយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំង អ-ហ ខេត្ត ចំនួន១០នាក់ មធ្យោបាយរថយន្ត២គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក សោម សុផល នាយការិយាល័យព័ត៌មាន និងសន្តិសុខ បានជួបរថយន្ត១គ្រឿង ម៉ាកហ៊ីហ្វាច្នៃ ផ្ទុកឈើចំនួន៨ដុំ នៅចំណុច ភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ប៉ុន្តែម្ចាស់រថយន្ត និងឈើបានរត់គេចខ្លួនបាត់។
លោកអនុសេនីយ៍ឯក សោម សុផល បន្តថា បន្ទាប់ពីកម្លាំង អ-ហ គ្រប់គ្រងស្ថានការបង្ក្រាបបានហើយ នៅវេលាម៉ោង១៖៤៥នាទី រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍មេបញ្ជាការ បានឲ្យកម្លាំងអាវុធហត្ថ សហការជាមួយជំនាញ រដ្ឋបាលព្រៃឈើ ស្រុកអូរយ៉ាដាវ ដឹកជញ្ជូនមកស្នាក់ការ។
ប៉ុន្តែការនាំយកវត្ថុតាងមកដល់ពាក់កណ្តាលផ្លូវ ត្រង់ចំណុចចន្លោះភូមិសំ និងភូមិតេន ស្រាប់តែរថយន្តដឹកបទល្មើសឈើនោះដាច់ កង់ក្រោយ ហើយកម្លាំងបានឈប់ដើម្បី ធ្វើការជួសជុលរហូតដល់ម៉ោង៦៖៣០នាទីយប់ថ្ងៃដដែល។ ពេលកម្លាំងឈប់ដើម្បីជួសជុល រថយន្តនោះ ស្រាប់តែមានប្រជាពលរដ្ឋប្រហែល៨៥នាក់ បានស្ទាក់កម្លាំង អ-ហ មិនឲ្យធ្វើការជួសជុលរថយន្ត ហើយថែមទាំង យកសម្ភារគប់ចោលទៀត។
ដោយខ្លាចក្រែងប្រឈមជាមួយ ប្រជាពលរដ្ឋនោះ លោក សោម សុផល ក៏បានសុំយោបល់លោកមេបញ្ជាការ ឲ្យដកកម្លាំងថយ ពីកន្លែងកើតហេតុដើម្បីរកដំណោះស្រាយ និងសុំយោបល់ថ្នាក់លើ។
លុះដល់ម៉ោង ៧៖៣០នាទីយប់ ថ្ងៃដដែលថ្ងៃទី១១ ខែកុម្ភៈ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ អ.ហ ខេត្ត បានបញ្ជូនកម្លាំងបន្ថែមចំនួន៣៥នាក់ ក្នុងនោះ មានកម្លាំងនគរបាល១០នាក់ រថយន្តCMC0ចំនួន១គ្រឿង រថយន្តតូច៥គ្រឿង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការ អ-ហ ខេត្ត បានចុះដល់កន្លែងកើតហេតុ តែត្រូវជនល្មើសទម្លាក់ឈើចោល និងបើករថយន្តដាច់កង់ យកទៅលាក់និងធ្វើការគេចខ្លួនបាត់អស់។
បន្ទាប់មក កម្លាំងបានធ្វើការរុករកប្រទះឃើញរថយន្តក្នុងរណ្តៅ ដែលមានចម្ងាយប្រមាណ៦គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។ លុះដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងដែលចុះប្រតិបត្តការ បានធ្វើការសណ្តោងរថយន្តដឹកបទល្មើសឈើដាច់កង់នោះ មករក្សាទុកនៅទីបញ្ជាការ អ-ហ ខេត្តរតនគិរី រីឯឈើមិនទាន់ដឹកជញ្ជូនមកទេដោយខ្វះមធ្យោបាយ។
ក្នុងប្រតិបត្តិការខាងលើនេះ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា លោកកំពុងចាត់ចែងកម្លាំង និងមធ្យោបាយទៅដឹកឈើចំនួន៨ដុំនោះ បើទោបីផ្លូវជួបការលំបាកក៏ដោយ៕