(ភ្នំពេញ)៖ ពលរដ្ឋខ្មែរ២៧នាក់ ដែលអាជ្ញាធរវៀតណាមអះអាងថា បានទៅប្រកបរបរសុំទាន និងលក់ឆ្នោតនៅប្រទេសវៀតណាមនោះ ពេលនេះត្រូវបានអាជ្ញាធរវៀតណាមបញ្ជូនមកឱ្យកម្ពុជាវិញ ដោយមានការសម្របសម្រួលពីស្ថានទូតកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ក្នុងចំណោមពលរដ្ឋខ្មែរចំនួន២៧នាក់ មានស្រ្តី ១០នាក់ និងកុមារ១៧នាក់ ដែលពួកគេមានស្រុកកំណត់នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ហើយបានចូលទៅសុំទាន និងលក់ឆ្នោតខុសច្បាប់ នៅក្នុងខេត្តទៀនយ៉ាង ប្រទេសវៀតណាម។ ពួកគាត់បានត្រឡប់មកកម្ពុជាវិញ នៅព្រឹកថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៧ តាមច្រកទ្វារព្រំដែនអន្តរជាតិប៊ិញហៀប-ព្រៃវ័ល្លិ ហើយសមត្ថកិច្ចខ្មែរបានប្រគល់ជូនមន្ទីរសង្គមកិច្ចខេត្តស្វាយរៀង។
ទាក់ទងនឹងករណីចាប់បញ្ជូនពលរដ្ឋខ្មែរឱ្យត្រឡប់មកកម្ពុជានេះដែរ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ក៏បានជួយដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលការិនីខ្មែរម្នាក់ទៀត ឈ្មោះ ឌ.ស.ណ អាយុ២៩ឆ្នាំ បន្ទាប់ពីបានធ្វើដំណើរទៅម៉ាឡេស៊ី បំរើការងារជាអ្នកបោសសំអាត កាលពីខែសីហា ឆ្នាំ២០១១ តាយរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ទន្ទឹមនឹងនេះ ស្ថានទូតក៏កំពុងស្វែងរកការអន្តរាគមន៍ជួយពលការិនីខ្មែរ៣ទៀត ដែលកំពុងមានបញ្ហាក្នុងនោះមានឈ្មោះ មិញ សារឹម មកពីខេត្តកំពង់ធំ , ឈ្មោះ សូ ផល និង ឈ្មោះ បាន នី៕