(ភ្នំពេញ)៖ ផលិតផលសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ ដែលទំនើប និងទាន់សម័យរបស់ប្រទេសអូស្រាលីម៉ាក់កង់ហ្គូរ៉ូ ត្រូវបាននាំចូល និងដាក់លក់នៅលើទីផ្សាររបស់កម្ពុជាហើយ។
ផលិតផលទាំងអស់នេះ ត្រូវបាននាំចូលដោយក្រុមហ៊ុន Abosscam Import & Export Co., Ltd និងដាក់តាំងបង្ហាញនៅការិយាល័យតាមបណ្តោយមហាវិថីម៉ៅសេទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកស្រី ហ៊ុន វណ្ណ វឌ្ឍនា អគ្គនាយិការគ្រប់គ្រង ក្រុមហ៊ុន Abosscam Import & Export Co., Ltd បានឲ្យដឹងថា ការបើក ការិយាល័យតាំងបង្ហាញនេះ ដើម្បីផ្តល់ជូនអតិថិជននូវភាពងាយស្រួល ក្នុងការស្វែងរកផលិតផល ដែលមានគុណភាពខ្ពស់ម៉ាកកង់ហ្គូរ៉ូ (Kangaroo)នៅក្នុងទីផ្សារប្រទេសកម្ពុជា។
លោកស្រីបន្តថា វត្តមានផលិតផលកង់ហ្គូរ៉ូ (Kangaroo) នៅប្រទេសកម្ពុជា នឹងបង្ហាញ ជូននូវផលិតផលដែលមានគុណភាពខ្ពស់ និងធ្វើឲ្យជីវិតរស់នៅកាន់តែមានភាពងាយស្រួល ទាន់សម័យ និងសម្បូរបែប រួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារៈផ្ទះបាយម៉ាស៊ីនទឹកក្ដៅ និងថាមពលព្រះអាទិត្យ ទូរដែកបច្ចេកវិទ្យាសុវត្ថិភាព ម៉ូទ័របូមទឹកអគ្គិសនីទ្វារ និងបង្អួច រួមនឹងសម្ភារៈបន្ទប់ទឹក។
បើតាមលោកស្រី ហ៊ុន វណ្ណ វឌ្ឍនា ផលិតផលម៉ាកកង់ហ្គូរ៉ូ (Kangaroo) បានបង្កើតដំបូងនៅប្រទេសអូស្រ្តាលី ហើយក្រុមហ៊ុន ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនផលិតឧបករណ៍ចម្រោះទឹក និងគ្រឿងប្រើប្រាស់ក្នុងផ្ទះ ដែលមានគុណភាពខ្ពស់ជាង ១០ឆ្នាំមកហើយ។ ដោយសារទទួលបានភាពជោគជ័យ គួរឲ្យកត់សម្គាល់ ក្រុមហ៊ុនបានបន្តចែកចាយផលិតផលទូទាំងសកលលោក និងពង្រីកបន្ថែម តំណាងសាខាជាច្រើន តាមបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសវៀតណាម ប្រទេសឡាវ ប្រទេសភូមា ប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូនេស៊ី និងប្រទេសកម្ពុជាយើងនេះ។
បច្ចុប្បន្នផលិតផលកង់ហ្គូរ៉ូ (Kangaroo) មានចំនួន៦០០ប្រភេទផ្សេងៗគ្នា ដែលកំពុងតែចរាចរនៅលើទីផ្សារ ដែលមានភាពខុសៗគ្នា ដូចជា សម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារៈផ្ទះបាយ ម៉ាស៊ីនទឹកក្តៅ និងថាមពលព្រះអាទិត្យ ទូរដែកបច្ចេកវិទ្យាសុវត្ថិភាព ម៉ូទ័របូមទឹកអគ្គីសនី ទ្វារ បង្អួច និងសម្ភារៈបន្ទប់ទឹក។
នាយឧត្តមសេនីយ៍ ជួនសុវណ្ណ បានថ្លែងគាំទ្រ និងអបអរសាទរ ចំពោះ ក្រុមហ៊ុន Abosscam Import & Export Co., Ltd ដែលបានសម្រេចចិត្តនាំចូលផលិតផល ម៉ាកកង់ហ្គូរ៉ូ (Kangaroo)ដំបូងគេនៅកម្ពុជា ដើម្បីបំពេញតម្រូវការអតិថិជន ក្នុងការរស់នៅឲ្យកាន់តែមានភាពងាយស្រួល និងទាន់សម័យ ជាមួយការច្នៃប្រឌិតថ្មីៗ ជូនអតិថិជន។ នេះជាសញ្ញាបង្ហាញពីការរីកចម្រើនថែមមួយកម្រិតទៀត សម្រាប់ទីផ្សារសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងសម្ភារៈផ្ទះបាយ នាយុគសម័យទំនើបនេះ។
លោក ជួន សុវណ្ណ សង្ឈឹមថា ផលិតផល ដែលក្រុមហ៊ុននាំចូលនឹងទទួលបានជោគជ័យ និងមានការគាំទ្រច្រើនពីអតិថិជនរបស់ខ្លួន៕