(កណ្តាល)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រលើកម្មវិធីកំណែទម្រង់លើការងារសំខាន់ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីឆ្លើយតបទៅតម្រូវការអង្គភាព ប្រើប្រាស់កងកម្លាំងនគរបាលជាតិ និងមន្រ្ដីពន្ធធានាគារ។
ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់បណ្ឌិត្យសភានគរបាលកម្ពុជា នារសៀលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ថ្នាក់ដឹកនាំគ្រប់កម្រិត គ្រូនគរបាលជាតិ និងមន្ដ្រីទាំងអស់នៃបណ្ឌិត្យសភា ដែលមានគំនិតផ្ដួចផ្ដើមច្នៃប្រឌិតថ្មីៗ មានស្មារតីទទួលខុសត្រូវលើការងារ មានឆន្ទៈការងារមុះមុត មានសាមគ្គីភាពល្អ ក្នុងការបំពេញភារៈកិច្ចរបស់ខ្លួន និងបានទទួលសមិទ្ធផលគួរជាទីមោទនៈក្នុងឆ្នាំ២០១៦កន្លងមក ដើម្បីឈានទៅសម្រេចផែនការអភិវឌ្ឍធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់កងកម្រាំងនគរបាលជាតិ។
សម្ដេចក្រឡាហោម ក៏បានសម្ដែងការគាំទ្រ លើកម្មវិធីកំណែទម្រង់លើការងារសំខាន់ របស់បណ្ឌិត្យសភានគរបាលកម្ពុជា សំដៅលើកកម្ពស់គុណភាពអប់រំ និងធានាឲ្យមានភាពម្ចាស់ការលើការបណ្ដុះបណ្ដាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិ និងមន្រ្ដីពន្ធធានាគារ។
សម្ដេចក្រឡាហោម ស ខេង បានជំរុញបណ្ឌិត្យសភានគរបាលកម្ពុជា ឲ្យបន្ដអនុវត្ដកម្មវិធីកំណែទម្រង់ដែលមានស្រាប់ បន្ដពង្រឹងការអនុវត្ដន៍វិន័យ បន្ដអភិវឌ្ឍសមត្ថភាពគ្រូ និងមន្ដ្រី បន្ដអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានសម្ភារៈ បន្ដអភិឌ្ឍវត្ដកម្មវិធីអប់រំគ្រប់កម្រិត បន្ដអនុវត្ដយន្ដការធានាគុណភាព និងកិច្ចសហប្រតិបត្ដិការជាតិ និងអន្ដរជាតិ ដើម្បីលើកម្ពស់គុណភាពបណ្ដុះបណ្ដាល និងឈានទៅសម្រេចតាមផែនការកំណត់។
នាយឧត្ដមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងថា រាជបណ្ឌិត្យសភាកម្ពុជា នឹងខិតខំពង្រឹងគុណភាពអប់រំ និងវិន័យឲ្យខ្លាំងខ្លា បន្ដកំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅ ដើម្បីឈានទៅសម្រេចផែនការយុទ្ធសាស្រ្ដ០៥ឆ្នាំ (២០១៥ និង២០១៩) របស់ខ្លួន។
នាយឧត្ដមសេនីយ៍បញ្ជាក់ថា ដោយមានការគាំទ្រ និងមានការដឹកនាំបញ្ជាពីសម្ដេចក្រឡាហោម ស ខេង និងឧបត្ថមទាំងសម្ភារៈ និងហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍសមត្ថភាព និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ មន្ដ្រីនគរបាល និងមន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធធានាគារជាដើម៕