(ភ្នំពេញ)៖ លោកស្រី ឌិត នីតា ភរិយា លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកស្រី ម៉ៅ ចំណាន (ស្រីតូច ចំណាន) ភរិយា របស់អ្នកឧកញ៉ា គិត ម៉េង រួមនិងក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរួមគ្នាបង្កើតកម្មវិធី «ស្រឡាញ់មិនមែនមានតែ១ថ្ងៃ» ដើម្បីចែករំលែកក្តីស្រឡាញ់ ជូនកុមារកំព្រាជិត១០០នាក់ នៅមជ្ឈមណ្ឌលកុមារកំព្រា កូលាប៤ ស្ថិតនៅសង្កាត់បឹងសាឡាង រាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ថ្លែងឲ្យដឹងនៅក្នុងកម្មវិធី លោកស្រី ឌិត នីតា បានបញ្ជាក់ឲ្យដឹងថា កាស្រឡាញ់មិនមែនមានតែ១ថ្ងៃនោះទេ គឺជាទង្វើដែលត្រូវធ្វើជារៀងរហូត ប្រសិនជាប្អូនមានក្តីស្រឡាញ់ ក្តីស្រឡាញ់គឺគ្មានព្រំដែននោះទេ។
លោកស្រី បន្តថា «មានការស្រឡាញ់ជាតិ ស្រឡាញ់បរិស្ថាន រហូតទោដល់ស្រឡាញ់ឱពុក ម្តាយ បងប្អូន មិត្តភក្តិ ហើយក៏ស្រឡាញ់ប្រទេសជាតិផងដែរ។ នេះបានហៅថា ក្តីស្រឡាញ់។ បើប្អូនៗមានក្តីស្រឡាញ់ទី១ ត្រូវស្រឡាញ់ខ្លួនឯងឲ្យបានច្រើន ស្រឡាញ់ខ្លួនឯងមុនទើបយើងផ្តល់ក្តីស្រឡាញ់ទៅឲ្យអ្នកផ្សេងបាន ប្អូនត្រូវខិតខំរៀន ដើម្បីទទួលបានអនាគតល្អ ទើបយើងអាចផ្តល់ក្តីស្រឡាញ់ទៅឲ្យនរណាម្នាក់ទៀតបាន ត្រូវចងចាំចាប់ផ្តើមស្រឡាញ់ពីខ្លួនឯងមុន»។
ជាមួយគ្នានោះ លោកស្រី ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បានប្រាប់ឲ្យដឹងថា លោកស្រីមានអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ ហើយកាន់តែសប្បាយចិត្តថែមទៀតនៅពេលដែលប្អូនៗ និងកុមារកំព្រានៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាកូលាប៤ សប្បាយរីករាយ និងមានស្នាមញញឹមគ្រប់ៗគ្នា។
លោកស្រី បានថ្លែងឲ្យដឹងថា លោកស្រីនឹងបន្តការចែករំលែកក្តីស្រឡាញ់ និងការជួយសង្គមបន្តទៀតតាមអ្វីដែលអាចធ្វើបាន ទោះបីច្រើន ឬតិចក្តី។ លោកស្រី ថា នឹងចូលរួមសកម្មភាពបែបនេះជារៀងរាល់ឆ្នាំ បើមានការផ្តល់កត្តិយសពី លោកស្រី ឌិត នីតា និងក្រុមការងារនៅលើកក្រោយៗទៀត។
ភរិយារបស់អ្នកឧកញ៉ា គិត ម៉េងរូបនេះ បានបន្ថែមឲ្យដឹងថា «សេចក្តីស្រឡាញ់ មិនចំពោះតែការនិយាយនោះទេតែត្រូវមាន ទង្វើជាប់មកជាមួយ ហើយមិនមែនក្តីស្រឡាញ់មានតែចំពោះឱពុក ម្តាយ បងប្អូន សាច់ឈាម មិត្តភក្តិ របស់យើងនោះទេគឺមាន ទាំងចំពោះមនុស្សនៅជុំវិញខ្លួនទាំងមនុស្ស និងរុក្ខជាតិជាដើម។ សេចក្តីស្រឡាញ់មិនមែនមានតែ១ថ្ងៃ គឺមានរៀងរាល់ថ្ងៃ ៣៦៥ថ្ងៃ ហើយយុវវ័យត្រូវគិតគូរមុននឹងធ្វើអ្វីមួយ ត្រូវគិតពីខ្លួនឯង និងសុខភាពជាចំបង»។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយដល់កុមារកំព្រានៅក្នុងមជ្ឈមណ្ឌលកុលាប៤ ក្នុងម្នាក់ៗ១៥ម៉ឺនរៀល ក្នុង១ខែ ជាមួយគ្នានោះដែរ នៅថ្ងៃនេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា មានវត្ថុអនុស្សាវរីយ៍ ចែកជូនកុមារកំព្រា។ នៅក្នុងកម្មវិធីខាងលើនេះ តាមរយៈ លោកស្រី ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង បានចូលរួមឧបត្ថម្ភថវិកា ៤ពាន់ដុល្លារ សម្រាប់រៀបចំកម្មវិធី និងសម្រាប់ទ្រទ្រង់ដល់ការខ្វះខាតនៅក្នុងមជ្ឈមណ្ឌល។
លោកស្រី ឌិត នីតា បានប្រកាសឲ្យដឹងថា នឹងយកថវិកាឧបត្ថម្ភនេះ ជួយទិញសម្ភារប្រើប្រាស់ដូចជា កុំព្យូទ័រ និងម៉ាស៊ីនព្រីន និងសំភារៈផ្សេងៗទៀត តាមការស្នើសុំរបស់ប្រធានមជ្ឈមណ្ឌលផងដែរ៕