(ភ្នំពេញ)៖ សាលាខណ្ឌពោធិ៍សែនជ័យ បានរៀបចំធ្វើវេទិកាសាធារណៈមួយ ដើម្បីឲ្យប្រជាពលរដ្ឋ មានឱកាសបានបញ្ចេញ មតិយោបល់ លើកឡើងពីសំណូមពរផ្សេងៗ ជាពិសេស ការប្រឈមទៅនឹងផលលំបាកនានា ដែលពួកគាត់បានជួបប្រទះក្នុងពេល កន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះ។

ជាងនេះទៀត អាជ្ញាធរក៏ចង់ដឹង ពីភាពខ្លាំងនិងភាពខ្សោយ ក្នុងកិច្ចការរបស់ខ្លួន ដែលបានបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋសព្វថ្ងៃ ទាំងការអភិវឌ្ឍ ការបម្រើសេវាកម្មផ្សេងៗជាដើម។ ហើយនៅក្នុងខណៈនោះ កម្មវិធីទាំងមូលបានផ្ដោតសំខាន់ទៅ លើបញ្ហាការអនុវត្ត គោលនយោបាល ភូមិឃុំមានសុវត្ថភាព ជាពិសេសបរិស្ថាន អនាម័យនិង សណ្តាប់ធ្នាប់ ដែលកំពុងមាន ការន្រឈមនៅក្នុង មូលដ្ឋាន។

វេទិកាសាធារណៈនោះ បានធ្វើឡើង កាលពីវេលារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោមអអធិបតីភាពលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យនិងមានការអញ្ជើញ ចូលរួមដោយ លោក លោកស្រីដែលជាអភិបាលរងខណ្ឌ នគរបាលនិងកងរាជអាវុធហត្ថខណ្ឌ មន្រ្តីការិយាល័យជុំវិញខណ្ឌ លោក សុទ្ធ សាធ ចៅសង្កាត់ចោមចៅ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ។

នៅក្នុងឱកាសនោះ អាជ្ញាធរទាំងសង្កាត់និងខណ្ឌ បានបើកឲ្យប្រជាពលរដ្ឋដែលចូលរួមនៅក្នុងវេទិកា សាធារណៈនោះលើកឡើងពី សំណូមពរ និងការលំបាកនានា ដែលបានលាក់ទុកក្នុងចិត្តយូរមកហើយ ជូនអង្គពិធីបានដឹងនិងបានស្វែងរកដំណោះស្រាយជូន ពួកគាត់ ហើយមានបញ្ហាអ្វីត្រូវតែមានភាពក្លាហាន ឡើងនិយាយ មិនឲ្យលាក់បាំងមិននិយាយនៅក្នុងវេទិកាហើយពេលចប់កម្មវិធី បែរជានិយាយ ក្រោយខ្នង នោះឡើយ។ បន្ទាប់ពីទទួលបានការអនុញ្ញាត បើកឲ្យលើកឡើងជាសាធារណៈនោះរួចមកគេសង្កេត ឃើញមានបងប្អូនប្រជាពលរដ្ឋចំនួន៣ភូមិ រួមមានភូមិត្រពាំងថ្លឹង ភូមិថ្មគោល និងភូមិជ្រៃកោង បានឡើងមានមតិ យោបល់នៅក្នុង ពេលនោះ ដើម្បីឲ្យអាជ្ញាធរបានដឹងនិងទទួលយករាល់សំណូមពរ របស់ពួកគាត់យកទៅ ធ្វើការដោះស្រាយ។

នៅក្នុងនោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិត្រពាំងថ្លឹង បានលើកឡើងពីបញ្ហាបរិស្ថាននិងអនាម័យ និងសណ្ដាប់ធ្នាប់ដោយពួកគាត់ បាននិយាយសង្កត់ធ្ងន់ ទៅលើការបោះចោលសម្រាមបែបអនាធិបតេយ្យ នៅតាមដងផ្លូវលើទ្រូងផ្លូវវេងស្រេង ពីសំណាក់ក្រុមអាជីវករ នៅក្នុងផ្សារត្រពាំងថ្លឹង ហៅផ្សារយាយម៉េវ និងផ្សារកណា ឌីយ៉ា ដែលម្ចាស់ផ្សារទាំងពីរនេះ ហាក់គ្មានវិចារណញ្ញាណគ្មានសេចក្ដី អៀនខ្មាស បណ្ដែតបណ្ដោយឲ្យ អាជីវកររបស់ខ្លួនបោះចោលសម្រាមពាលវាលពាសកាល មិនបានរកទីតាំងសមស្របណាមួយ ដើម្បីឲ្យពួក គាត់ចោលសម្រាម ដើម្បីកុំឲ្យប៉ះពាល់ដល់ផ្លូវសារធារណៈនោះឡើយ ជាពិសេសផ្សារត្រពាំងថ្លាំងនោះតែម្ដងបានយក ចំណីផ្លូវជួលឲ្យអាជីវករលក់ដូរ បែបអនាធិបតេយ្យមិនខ្វល់ពីការកកស្ទះចរាចរតាមដងផ្លូវនោះឡើយ។

ទាក់ទិនទៅនិងការលើកឡើងនេះ អាជ្ញាធរបានទទួលយកទៅធ្វើការសិក្សានិងដោះស្រាយជូនពួកគាត់ ហើយនៅក្នុងពេលនោះដែរ អាជ្ញាធរក៏បានជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងការអនុវត្តន៏នៅគោលនយោ បាយភូមិសង្កាត់មានសុវត្ថិភាព ទាំងអស់គ្នាឲ្យបាន សស្រាក់សស្រាំ ដើម្បីទប់ស្កាត់និងកាត់បន្ថយរាល់បទ ល្មើសនានានៅក្នុងមូលដ្ឋាន៕