(ភ្នំពេញ)៖ សិល្បករ-សិល្បការិនីប្រមាណជាង៤០នាក់ មកពីគ្រុប ក្រុមគ្រួសារតារាកម្ពុជា បានមកចូលរួមបំផុសស្មារតីយុវវ័យ ក្នុងព្រឹត្តិការណ៍ «បរិច្ចាគឈាម ផ្ដល់ក្ដីស្រឡាញ់» ក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤កុម្ភៈ ឆ្នាំ២០១៧នេះ នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ស្ថិតក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី ដោយនៅក្នុងនោះ គេសង្កេតឃើញមាន សិស្ស និស្សិត និងបណ្ដាយុវវ័យជាច្រើន បានចូលរួមបរិច្ចាគឈាម ជួយដល់ជីវិតមនុស្ស ដែលជាការងារសង្គមមួយ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ពីសំណាក់ជនរងគ្រោះ ដែលត្រូវការឈាមសង្គ្រោះជីវិត។
លោក ផាត់ តារារដ្ឋ ស្ថានិកគ្រុប ក្រុមគ្រួសារតារាកម្ពុជា បានថ្លែងឲ្យដឹងថា អ្នកសិល្បៈប្រមាណជាង៤០នាក់ ដែលមកពីគ្រុប គ្រួសារតារាកម្ពុជា មានទាំងតារាសម្ដែង តារាចម្រៀង តារាកំប្លែង ពិធីករ-ពិធីការិនី បានមកចូលរួមបំផុសស្មារតីដល់ យុវវ័យឲ្យយកថ្ងៃនៃក្ដីស្រឡាញ់ បង្វែមកធ្វើសកម្មភាពសង្គម ដូចជាមរិច្ចាគឈាម ជួយសង្គ្រោះជីវិតមនុស្ស និងចូលរួមស្ដាប់តន្រ្តី ជៀសវាង ពួកគេនាំគ្នាប្រព្រឹត្តិទង្វើមិនគប្បីមួយចំនួន ក្នុងទិវានៃក្ដីស្រឡាញ់នេះ។
ស្ថានិកក្រុមគ្រួសារតារាកម្ពុជារូបនេះ បានបន្តថា នេះជាលើកទី១ហើយ សម្រាប់តារាទាំងអស់ ដែលមកពីគ្រុបរបស់លោក នៅក្នុងការបំផុសស្មារតី ក្រើនរំឭកដល់យុវវ័យ ឲ្យបរិច្ចាគឈាម ក្នុងថ្ងៃទីវានៃក្ដីស្រឡាញ់ ខណៈដែលកន្លងមក តារាសម្ដែង តារាចម្រៀង និងតារាកំប្លែង ជាដើម បានចូលរួមសកម្មភាពមរិច្ចាគឈាមនេះ យ៉ាងសកម្មរួចមកហើយ តាមបណ្ដាសាកលវិទ្យាល័យនានា ដែលមានការដឹកនាំដោយរូបលោកផ្ទាល់ ហើយពួកគេក៏ទទួលបានប័ណ្ណសរសើរ ពីប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមផងដែរ។
យ៉ាងណាមិញ លោករំពឹងថា តាមរយៈការអំពាវនាវរបស់តារាល្បីៗទាំងអស់នេះ យុវវ័យនឹងចូលរួមច្រើនកុះករជាងពេលមុន ដើម្បីចូលរួមបរិច្ចាគឈាម ជួយសង្គ្រោះជីវិតមនុស្ស ដោយមិនចាំបាច់តែថ្ងៃទិវា នៃក្ដីស្រឡាញ់នេះប៉ុណ្ណោះទេ ពោលគឺចូលរួម ជារៀងរាល់ថ្ងៃតែម្ដង។
សូមបញ្ជាក់ថា សម្រាប់តារាសម្ដែង តារាចម្រៀង និងតារាកំប្លែង ដែលបានចូលរួមទាំងអស់ ពួកគេបានបកស្រាយនូវបទចម្រៀងក្នុងម្នាក់ៗ ពីពីរទៅបីបទ និងបង្ហាញនូវទេពកោសល្យសម្ដែងនានា ដែលខ្លួនមាន ជូនដល់សិស្ស និស្សិត ដែលបានចូលរួមបរិច្ចាគឈាម ក្នុងថ្ងៃនេះ ខណៈកម្មវិធីនេះ ក៏ទទួលបានការឧបត្ថម្ភពីផលិតផល ទឹកដោះគោ AD ផងដែរ។
យោងតាមការថ្លែងឲ្យដឹង របស់ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានបញ្ជាក់ប្រាប់ Fresh News ថា គិតត្រឹមម៉ោងជិត៥ល្ងាចថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៧នេះ មជ្ឈមណ្ឌលបានទទួលឈាម ចំនួនជាង៧០០កំប្លោកហើយ ដែលជាតួលេខមួយគួរឲ្យភ្ញាក់ផ្អើល ដែលលោកស្មានមិនដល់ទាល់តែសោះ។ យ៉ាងណាមិញ លោកក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់សិស្ស និស្សិត យុវវ័យ ជាពិសេសសិល្បករ-សិល្បការិនីទាំងអស់ ដែលបានបូជាកម្លាំងកាយចិត្ត ពេលវេលា ចូលរួមបរិច្ចាគឈាម ក៏ដូចជាបំផុសដល់យុវវ័យ ឲ្យចូលរួមក្នុងសកម្មភាពនៅថ្ងៃនេះ យ៉ាងច្រើនកុះករ ដែលធ្វើឲ្យលោកពិតជាត្រេកអរ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង៕