(សៀមរាប)៖ ខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ ដែលរំឭកអំពីប្រវត្តិដ៏ជូរចត់នៃរបបវាលពិឃាត ដឹកនាំផលិតដោយលោកស្រី Angelina Jolie ជាតារានិងជាផលិតករដ៏ល្បីរបស់ Hollywood នឹងត្រូវចាក់បញ្ចាំង ជាលើកដំបូងបង្អស់នៅលើវាលស្មៅនៃព្រះលានជល់ដំរី នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ។
ខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ត្រូវបានថតនៅក្នុងទីតាំងសំខាន់ៗជាប្រវត្តិសាស្ត្រចំនួន២គឺ ខេត្តសៀមរាប និងខេត្តបាត់ដំបង ជាពិសេស តំបន់រមណីយដ្ឋានអង្គរ ក៏ជាផ្នែកមួយដ៏សំខាន់ដែលខ្សែភាពយន្តបានផ្តិតយកទិដ្ឋភាពជាប្រវត្តិសាស្ត្រមួយចំនួនធំ។ ដូចនេះហើយ បានជាផលិតករភាពយន្ត សម្រេចចិត្ត ជ្រើសរើសយករមណីយដ្ឋានអង្គរជាទីតាំងចាក់បញ្ចាំងមុនដំបូងបំផុត ដែលជាពិធីសម្ពោធផ្លូវការមុន នឹងខ្សែភាពយន្តនេះចាក់បញ្ចាំង នៅរោងភាពយន្តផ្សេងៗទៀត។
អាជ្ញាធរជាតិអប្សរា ដែលជាស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ ក្រោយពីបានទទួលការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសហការរៀបចំក្នុងការផលិតភាពយន្ត ដោយជួយសម្របសម្រួលផ្នែកឯកសារ និងទីតាំងថតជាដើម។ ក្នុងព្រឹត្តិការណ៍បញ្ចាំងនេះដែរ អាជ្ញាធរជាតិអប្សរាបានត្រៀមសហការផ្តល់ទីតាំងដើម្បីរៀបចំពិធី ការសម្អាតបរិស្ថាន ការសម្រួលលំហូរទស្សនា ក៏ដូចជារៀបចំកិច្ចការទូទៅផ្សេងៗជាច្រើនទៀត។
នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត សម្រាប់រមណីយដ្ឋានអង្គរ ដែលកន្លងមកតែងទទួលរៀបចំនូវព្រឹត្តិការណ៍ ដែលមានការយាងជាព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសំណាក់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល និងឥស្សរជនល្បីៗលើពិភពលោកជាច្រើនរូបទៀត។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏ជាផ្នែកមួយដែលជួយស្រូបទាញទេសចរឲ្យមកទស្សនាកម្ពុជា ជាពិសេស រមណីយដ្ឋានអង្គរកាន់តែច្រើនឡើងៗ៕