(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានក្រើនរំលឹក​ឧត្តមស្នងការ​អង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា ត្រូវគោរពដែនអធិបតេយ្យ និងមិនត្រូវ​ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយ។ ការមិនរំលោភដែនអធិបតេយ្យ និងមិនជ្រៀងជ្រែកកិច្ចការផ្ទៃក្នុងនេះ ដើម្បីរក្សាបានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ការថ្លែងស្នើឲ្យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ កុំរំលោភលើដែនអធិតេយ្យ និងកិច្ចការផ្ទៃក្នុង​របស់​កម្ពុជានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាលើកដំបូងរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និង លោកស្រី Wan Hea-Lee តំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា (OHCHR) បន្ទាប់ពី​រាជរដ្ឋាភិបាលកម្ពុជាព្រមព្រៀង និងអនុញ្ញាតឲ្យ ការិយាល័យនេះមានវត្តមាននៅកម្ពុជាជាថ្មីកាលពីខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។ កិច្ចពិភាក្សាបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេសនាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

រាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើ​អនុស្សា​រណៈយោគយល់ជាមួយគ្នាជាថ្មីកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ដោយព្រមព្រៀងឲ្យ​មានវត្តមានការិយាល័យ​អង្គការ​សហប្រជាជាតិក្នុងប្រទេសកម្ពុជា។ មុននឹងការចុះកិច្ចព្រមព្រៀងនេះ គឺមានការចម្រូងចម្រាស់ច្រើនពីរាជរដ្ឋាភិបាលកម្ពុជា ដោយមិនចង់ឲ្យការិយាល័យនេះបន្តមានវត្តមាននៅកម្ពុជា ក្រោមការលើកឡើងថា ឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហ​ប្រជាជាតិធ្វើការ​មានភាពលំអៀងលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងក្រោយជំនួបថា ក្នុងជំនួបពិភាក្សា​ជាលើកដំបូង ក្រោយកម្ពុជាអនុញ្ញាតឲ្យមានការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនេះ លោករដ្ឋមន្រ្តី ប្រាក់ សុខុន បាន​សំណូមពរ​ឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ត្រូវយកចិត្តទុក​ដាក់គោរព​ឲ្យបានត្រឹមត្រូវ​លើអធិបតេយ្យភាព​របស់កម្ពុជា និងចៀសការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ស្របតាមមាត្រា ២ (៧) នៃធម្មនុញ្ញ​របស់អង្គការសហប្រជាជាតិ ក៏ដូចជាការកំណត់ក្នុងក្រមប្រតិបត្តិនានារបស់មន្រ្តីរដ្ឋបាលអន្តរជាតិ។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានរំលឹកពីភាពចាំបាច់​លើការធ្វើឲ្យ​បានស្របគ្នា​លើបញ្ហាសិទ្ធិសេរីភាពភាគីពាក់ព័ន្ធនានា ក៏ដូចជាទីភ្នាក់ងារ​អន្តរជាតិ​ជាមួយការប្រតិបត្តិ​របស់ប្រទេសកម្ពុជា​ជាម្ចាស់ផ្ទះផងដែរ។

ឆ្លើយតបសំណើរបស់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន លោកស្រី Wan Hea-Lee បានគូសបញ្ជាក់ពី​ភាពស្មោះត្រង់​របស់លោកស្រី និងថា អ្វីដែលលោកស្រីធ្វើ គឺក្នុងក្របខណ្ឌសិទ្ធិមនុស្សតែប៉ុណ្ណោះ មិនមានពាក់ព័ន្ធអ្វីផ្សេងនោះឡើយ។

ទោះបីជាយ៉ាងណាក្នុងជំនួបនោះ លោករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកស្រី Wan Hea-Lee បានពិភាក្សាគ្នា​ក្នុងការពង្រឹង​ការអនុវត្តន៍កិច្ចសហប្រតិបត្តិការរវាងឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា​ឲ្យបានជោគជ័យផងដែរ។

បើតាមលោក ជុំ សុន្ទរី ដើម្បីឲ្យការអនុវត្តន៍លើកិច្ចព្រមព្រៀងឲ្យបានជោគជ័យ និងបង្កើនជំនឿចិត្តជាមួយគ្នានោះ លោកស្រី Wan Hea-Lee បានស្នើឲ្យមានការជួបពិភាក្សាគ្នាឲ្យបានជាប្រចាំរវាងឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ​ប្រចាំ​នៅកម្ពុជា ជាមួយក្រសួងការបរទេសកម្ពុជា។

ឆ្លើយតបសំណើនេះលោក ប្រាក់ សុខុន ចង់ឲ្យមានការជួបពិគ្រោះជាទៀងទាត់រយៈ ៣ខែម្តងទៅតាមភាពចាំបាច់នៃការងារ។ លោកទេសរដ្ឋមន្រ្តី ក៏បានស្នើឧត្តមស្នងការបង្ហាញរាជរដ្ឋាភិបាលពីគម្រោងការងារនៅឆ្នាំ២០១៧ ក៏ដូចជាផែនការ​សកម្មភាព​លើកស្ទួយសិទ្ធិ មនុស្សនៅកម្ពុជា ក្នុងកិច្ចប្រជុំជាមួយរាជរដ្ឋាភិបាលនៅដើមឆ្នាំនេះផងដែរ។

លោកស្រី Wan Hea-Lee ក៏បានបង្ហាញការប្តេជ្ញាចិត្តពង្រឹងការងារជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីពង្រឹងឡើងវិញ​នូវកិច្ចសហប្រតិបត្តិការ​រវាងឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕