(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជវុធហត្ថខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល និងគ្រឿងឧបភោគ-បរិភោគមួយចំនួនទៀត ជូនដល់គ្រួសារអ្នកជំងឺម្នាក់ ដែលកើតដំបៅ រលួយពេញខ្លួន មានសភាពធ្ងន់ធ្ងរ រស់នៅភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គ្រឿងឧបភោគ-បរិភោគ និងថវិការបស់ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ខាងលើ ត្រូវបាននាំទៅប្រគល់ជូនគ្រួសាររងគ្រោះ តាមរយៈលោកវរសេនីយ៍ឯក អ៊ុក អឿន និងមានការចូលរួមពីកម្លាំងអាវុធហត្ថស្រុកព្រៃនប់ផងដែរ។

អ្នកជំងឺដែលចេញដំបៅលើខ្លួនខាងលើ មានឈ្មោះ ថន សើហ្វី អាយុ៣៧ឆ្នាំ។ ម្ដាយរបស់គាត់បានប្រាប់ថា នាងមានជំងឺសរសៃ ប្រសាទជាងម្ភៃឆ្នាំមកហើយ រហូត​ចេញ​ដំបៅពេញ​ខ្លួនទៀតផង។

ដោយគ្មានលទ្ធភាពយកកូនទៅព្យាបាលជំងឺឲ្យជាសះស្បើយនឹងគេ ម្ដាយរបស់គាត់មានតែសំណូមពរដល់អាជ្ញាធរនិងកម្លាំង សមត្ថកិច្ចជួយជាថវិកា ថ្នាំសង្កូវ ដើម្បីជួយទំនុកបម្រុង និងព្យាបាលជំងឺរបស់នាង ពីព្រោះជំងឺនេះ​ដល់ដំណាក់កាលចុង​ក្រោយហើយ។

សូមជម្រាបថា នៅថ្ងៃទី១៣ ខែកុម្ភៈ ម្សិលម៉ិញ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បាននាំ ថវិកាចំនួន ១លានរៀល និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ជូនដល់អ្នកជំងឺផងដែរ៕