(ក្រចេះ)៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានប្រគល់ឱ្យ ប្រើប្រាស់ជាផ្លូវការអណ្តូងទឹកស្អាត ចំនួន ១០ (មានលេខរៀងទី០៣៥ ដល់លេខរៀងទី០៤៤) ជូនប្រជាជនខ្វះខាតទឹកប្រើប្រាស់ចំនួន ២៥០គ្រួសារ ស្មើនឹងមនុស្ស ១,០០០នាក់ រស់នៅឃុំវឌ្ឍនៈ និងឃុំកំពង់ចាម នៃស្រុកសំបូរ ខេត្តក្រចេះ។

ទន្ទឹមនឹងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន នៅក្នុងពិធីប្រគល់អណ្តូងទឹកទាំងនោះ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា បានផ្តាំផ្ញើអនុសាសន៍របស់​ សម្តេចប្រធាន​ ជម្រាបជូនដល់ប្រជាពលរដ្ឋទាំងអស់​ ត្រូវជៀសវាងឱ្យបានដាច់ខាតនូវការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាប្រភពឲ្យកើតមាននៃអំពើហិង្សា ចោរកម្ម និងអសន្តិសុខ​ ហើយសូមឲ្យប្រជាពលរដ្ឋ ថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវបរិភោគទឹកដាំពុះ និងចូលរួមដាំដំណាំ ឬបន្លែផ្សេងៗ នៅជុំវិញអណ្តូងទឹក ដើម្បីជាប្រយោជន៍ដល់សហគមន៍ និងត្រូវចូលរួមថែរក្សានូវសមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែង។

ប្រជាពលរដ្ឋប្រមាណចំនួន ១១៦នាក់ ដែលមក​ចូលរួមក្នុងពិធីនោះ មានក្តីរីករាយឥតឧបមាក្រោយទទួលបាន​សមិទ្ធផលថ្មីនេះ ។​  ពួកគាត់​ដែល​មកចូលរួមក្នុងពិធីនេះ​ ក្នុងម្នាក់ៗទទួលបាន សារុង ១ ក្រមា១ និងថវិកាមួយចំនួន។

សូមបញ្ជាក់ផងដែរថា គិតចាប់តាំងពីឆ្នាំ ២០១០ រហូតដល់ឆ្នាំ ២០១៦ កន្លងទៅនេះកាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាត ជូនប្រជាពលរដ្ឋបានរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស ក្នុងនោះ បានផ្តល់អណ្តូងទឹកស្អាត (អណ្តូងស្នប់-លូចំរុះ)បានរាប់ពាន់អណ្ដូង​ ក្នុងនោះមាន ស្រះទឹកសហគមន៍ និងស៊ីទែនទឹកផងដែរ។​ បច្ចុប្បន្ន​នេះកាកបាទក្រហមកម្ពុជា​ បាននិងកំពុងផ្តល់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត៕