Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តពោធិ៍សាត់ ស្នើឲ្យមន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមចលនាទីក្រុងស្អាត ក្នុងការថែរក្សាសួនច្បារ និងរៀបចំ​លម្អភ្លើងភ្ញី​នៅតាមដើម​ឈើ​​ប្រប​មាត់ស្ទឹង​ ឲ្យបានមុនចូលឆ្នាំថ្មី​

14-02-2017 10:46

(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានស្នើឲ្យបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវចូលរួមចលនាទីក្រុងស្អាត ក្នុងការថែរក្សាសួនច្បារ អនាម័យ និងរៀបចំលម្អភ្លើងភ្ញីនៅតាមដើមឈើប្របមាត់ស្ទឹង ឲ្យបានមុនចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ ជាពិសេសឲ្យបានមុនការសាង់សង់ផ្លូវថ្មើរជើងប្របតាមមាត់ស្ទឹង ចាប់ពីសួនច្បារខាងមុខផ្សារថ្មីពោធិ៍សាត់ រហូតដល់សួនច្បារខាងត្បូងអគ្គីសនីខេត្ត បន្តក្នុងជំហាន២។

ការស្នើរបស់លោក ម៉ៅ ធនិន ធ្វើឡើងក្នុងឱកាសលោក ចុះពិនិត្យដោយផ្ទាល់ ជុំវិញការកសាងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែម នៅលើសួនច្បារប្របតាមមាត់ស្ទឹង ផ្លូវលេខ១០១ ក្នុងក្រុងពោធិ៍សាត់ ដែលបានស្ថាបនារួចរាល់ក្នុងជំហាន១។

លោក ម៉ៅ ធនិន បានលើកឡើងថា លោករួមជាមួយសហការី នឹងចូលរួមសហការលើកស្ទួយកែលំអរក្រុងពោធិ៍សាត់ ឲ្យបានស្អាតទាំងអស់គ្នា ដើម្បីឈានទៅប្រកួតប្រជែងទីក្រុងស្អាត ជាមួយខេត្តក្រុងដទៃទៀត។ លោកអភិបាលខេត្តបានបន្តថា ថ្វីត្បិតស្ពានក្បាលហុង គឺជាស្ពានប្រវត្តិសាស្ត្រក៏ពិតមែន ជាតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ គឺត្រូវតែកែសម្រួលឡើងវិញ ពីទ្វាទឹកចាស់ទ្រុឌទ្រោម ទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត ចំកណ្តាលក្រុងពោធិ៍សាត់ ដោយមានស្ពានយោល និងទំនប់បង្ហៀរ ដែលមានកម្ពស់ទៅដល់ ១,៨ម៉ែត្រ ហើយមានទ្វាទឹក ២សងខាង ដែលអាចរំដោះទឹកជំនន់ចេញពីក្រុងពោធិ៍សាត់បានយ៉ាងងាយស្រួល ជាពិសេសអាចទប់ទឹកក្នុងរដូវប្រាំង សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ទៅដល់បងប្អូនប្រជាកសិករ និងបម្រើដល់វិស័យទេសចរណ៍ដូចជា៖ ស្រោចស្រពដំណាំកសិកម្ម ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកលេងកម្សាន្ត ថតរូបទុកជាអនុស្សាវរីយ៍ លេងកម្សាន្តក្រោមទំនប់បង្ហៀរក្បាលហុង ជិះទូកលេងជុំវិញកោះសំពៅមាស ។ល។ លោកអភិបាលខេត្ត បានបង្ហើបឲ្យដឹងទៀតថា បើមានឱកាសលោកនឹងរៀបចំឲ្យមានកម្មវិធីប្រឡងប្រណាំងទូកក្នុងស្ទឹងពោធិ៍សាត់ ឲ្យបានអធឹកអធមបានមួយកម្រិតទៀត។

មុននឹងចុះពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែម លើសួនច្បារប្របតាមមាត់ស្ទឹង ផ្លូវលេខ១០១ ក្នុងក្រុងពោធិ៍សាត់ លោក ម៉ៅ ធនិន ក៏បានទទួលដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានផ្តល់ស្បៀងផ្ទាល់ដៃជូនដល់ជនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ នៅបរិវេណសាលាខេត្តពោធិ៍សាត់ ដើម្បីដោះស្រាយជាបឋម និងទាន់ពេលវេលា ក្នុងនាមយើងទាំងអស់គ្នាជាក្រុមគ្រួសារតែមួយ។ ជាមួយគ្នានោះ លោកអភិបាលខេត្តបានបន្តចុះពិនិត្យ និងផ្តល់អនុសាសន៍មួយចំនួន ជុំវិញការស្ថាបនាសួនច្បារក្នុងសាលាខេត្ត និងការឈូសឆាយសម្អាត បរិវេណអគាររដ្ឋបាលសាលាខេត្តថ្មីផងដែរ៕