(ភ្នំពេញ)៖ ករណីរឹត-ក សម្លាប់កូនស្រីមន្រ្តីរដ្ឋសភាប្លន់យកទ្រព្យសម្បត្តិ នៅខណ្ឌច្បារអំពៅ រហូតមកទល់ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ តុលាការបានសម្រេចឃុំខ្លួនពូបង្កើតរបស់ជនរងគ្រោះ ដាក់ពន្ធនាគារបណ្តោះអាសន្នហើយ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក ងិន ពេជ ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ឈ្មោះ ពៅ វុទ្ធី អាយុ២៤ឆ្នាំ ពីបទឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
មាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ បទល្មើស ឃាតកម្មកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ ។
ប្រភពព័ត៌មាន បានបញ្ជាក់ថា លោក លី សុខលេង ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនឈ្មោះ ពៅ វុទ្ធី ដាក់ពន្ធនាគារបណ្តោះអាសន្ន ។
គួររំលឹកថា ករណីកូនស្រីមន្រ្តីរដ្ឋសភា ត្រូវគេចូលទៅរឹត-ក សម្លាប់ប្លន់យកទ្រព្យសម្បត្តិដល់ក្នុងបន្ទប់ដេក ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនគរបាល តាមចាប់ជនដៃដល់បានហើយ គឺជាពូបង្កើតរបស់ជនរងគ្រោះតែម្តង។ ក្រោយពេលចាប់ខ្លួន ជនសង្ស័យបាននិយាយថា មកពីខ្វះខាតលុយដើម្បីចិញ្ចឹមគ្រួសារ។
នារីកូនរបស់មន្រ្តីរដ្ឋសភា ដែលរងគ្រោះឈ្មោះ ពៅ សុភ័ក្រ្ត អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ។
ក្រោយកើតហេតុនេះ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងនគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនគរបាលស្រុកកៀនស្វាយ បានចុះដកហូតវត្ថុតាងជាគ្រឿងអលង្ការនិងទូរស័ព្ទនៅផ្សារគគីរ ស្រុកកៀនស្វាយ ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះជាកូនមន្ដ្រីរដ្ឋសភា ដែលត្រូវបានឃាតក សម្លាប់ប្លន់យកទ្រព្យសម្បត្តិ នៅខណ្ឌច្បារអំពៅហើយយកទៅលក់នៅទីនោះ។
មន្ដ្រីនគរបាលបានឲ្យដឹងថា វត្ថុតាងដែលដកហូតបានរួមមាន៖ កងដៃផ្លាកទីនចំនួន១ ដកហូតពីឈ្មោះ អ៊ី ណារិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរអាជីវករលក់មាស និងទូរស័ព្ទដៃម៉ាក iPhone 5 ០១គ្រឿង ដកហូតពី ឈ្មោះ ងួន សៅមុនី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ទូរស័ព្ទ។
ដោយឡែកអ្នកទិញ និងវត្ថុតាង បានបញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅដើម្បីបន្តនីតិវិធី៕