(ភ្នំពេញ)៖ តាមការគ្រោងទុក នៅវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សម រង្ស៊ី ដែលទើបនឹងលាលែងតំណែងពី ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវចូលបំភ្លឺនៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ករណីចោទសម្តេចតេជោ ហ៊ុន សែន ថាបានផ្តល់លុយ១លានដុល្លារទៅឱ្យ កញ្ញា ធី សុវណ្ណថា ដើម្បីប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ។
បណ្តឹងនេះត្រូវបានប្តឹងដោយ មេធាវីសម្តេចតេជោ ហ៊ុន សែន គឺលោក គី តិច ដោយទាមទារសំណងជំងឺចិត្តជូន សម្តេចតេជោ ហ៊ុន សែន ១លានដុល្លារ ក្រោមការចោទពីបទបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីលោក សម រង្ស៊ី បាននិយាយចោទប្រកាន់សម្តេចតេជោ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។
លោក សម រង្ស៊ី នៅក្នុងឱកាសជំនួបសំណេះសំណាលជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង នៅទីក្រុងប៉ារីស បាននិយាយយ៉ាង ដូច្នេះថា «ចុះ...ហ៊ុន សែន សូក ធី សុវណ្ណថា មួយលានដុល្លារ ម៉េចអាណាមិនធើអី ហ៊ុន សែន ផង?...មួយលានដុល្លារ... និយាយ...លុយនោះលុយពុករលួយ ទៅសូកឲ្យមនុស្សធ្វើអាក្រក់ ថាឲ្យវាយប្រហារ...ឲ្យរករឿងគណបក្សសង្រ្គោះជាតិឲ្យធ្វើបាតុកម្ម ឬជួល នេះ ជួលនោះ...ប្រើមួយលានដុល្លារ...»។
ចំពោះករណីនេះ កញ្ញា ធី សុវណ្ណថា ក៏បានដាក់ពាក្យបណ្តឹងប្តឹង លោក សម រង្ស៊ី ដោយទាមទារសំណងជំងឺចិត្ត ៥សែនដុល្លារផងដែរ៕