(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចបានយកដីកាកោះហៅរបស់ព្រះរាជអាជ្ញា ទៅបិទនៅមុខផ្ទះរបស់លោក គឹម សុខ ស្ថិតនៅឯខេត្តតាកែវ បន្ទាប់ពីម្សិលមិញព្រះរាជអាជ្ញាបានចេញដីកាកោះហៅលោក គឹម សុខ អ្នកវិភាគមួយរូបដែលចោទគណបក្សកាន់អំណាច ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ឲ្យចូលខ្លួននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ វេលាម៉ោង៩៖០០នាទីព្រឹក និងបង្គាប់ឲ្យសមត្ថកិច្ចត្រួតពិនិត្យ ច្រកព្រំដែនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ហាមឃាត់ឈ្មោះ គឹម សុខ ជាជនសង្ស័យមិនឲ្យទៅក្រៅប្រទេស។
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន នៅស្រុកកោះធំ ខេត្តកណ្តាលម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ពាក្យបណ្តឹងតាមរយៈមេធាវី គី តិច បានសម្រេចចិត្តទាមទារសំណងជំងឺចិត្តពីលោក គឹម សុខ ដែលបានចោទប្រកាន់ថា «គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោក កែម ឡី» ចំនួនកន្លះលានដុល្លារ ឬ២០០០លានរៀល។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់នៅក្នុងវេទិកាសាធារណៈនោះថា ការចោទប្រកាន់គណបក្សប្រជាជនកម្ពុជាជាឃាតកសម្លាប់លោក កែម ឡី គឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមកលើ គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅលោក គឹម សុខ កុំឲ្យចោទប្រកាន់សម្តេចថា ប្រើប្រព័ន្ធតុលាការ ដើម្បីចោទប្រកាន់ឲ្យសោះ។ សម្តេចបញ្ជាក់ថា បើមិនប៉ះពាល់និងចោទប្រកាន់សម្តេច ក៏មិនមានអ្នកប៉ះពាល់នោះដែរ។
លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ពាក្យបណ្តឹងប្តឹងលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ដែលបាននិយាយនៅក្នុងវេទិកាវិទ្យុអាស៊ីសេរី ចោទប្រកាន់ថា «គណបក្ស ប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោក កែម ឡី» បានចូលជាផ្លូវការទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយសុំប្តឹងដូចខាងក្រោម, ទី១៖ សុំឲ្យតុលាការ ផ្តន្ទាទោសលើឈ្មោះ គឹម សុខ តាមផ្លូវច្បាប់, ទី២៖ ទាមទារឲ្យឈ្មោះ គឹម សុខ សងសំណងជំងឺចិត្តជូនដល់គណបក្សប្រជាជនកម្ពុជា ចំនួន ២០០០លានរៀល៕