(ភ្នំពេញ)៖ ផ្កាកូលាប ជាផ្កាដែលយុវវ័យ ឬសាធារណជន និយមប្រើក្នុងឱកាសពិធីផ្សេងៗ រួមមាន ពិធីអាពាហ៍ពិពាហ៍ ខួបកំណើត ខួបអាពាហ៍ពិពាហ៍ ឬក៏ជាកាដូ​ជូនទៅ ដល់មនុស្សជាទីស្រលាញ់ ហើយសម្រាប់ឱកាសបុណ្យ នៃក្ដីស្រលាញ់ ដែលចូលមកដល់នៅថ្ងៃទី១៤ ខែកុម្ភៈនេះ អ្នកលក់ផ្កា បាននាំចូលផ្កាកូលាប ពីក្រៅប្រទេស មានការកើតឡើងយ៉ាងគំហុក ជាពិសេសការនាំចូលពីប្រទេសវៀតណាម ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ការនាំចូលផ្កាកូលាប ពីក្រៅប្រទេសច្រើន ដោយសារតែប្រជាកសិករ ក្នុងប្រទេសកម្ពុជាប្រកបរបរនេះ មិនទទួលបានផលល្អនៅឡើយ ព្រោះតែការដាំនៅខ្វះបច្ចេកទេស និងអាកាសធាតុ ក្នុងប្រទេសកម្ពុជាមិនសូវអំណោយផល ហេតុដូច្នេះប្រជាកសិករភាគច្រើន ងាកមកជ្រើសរើសការដាំផ្កា​អ័រគីដេ និងផ្ការាសីជំនួសផ្កាកូលាបវិញ ព្រោះវាងាយស្រួលដាំដុះ និងមានតម្លៃសមរម្យ។ ប៉ុន្ដែតម្រូវការផ្កាកូលាបនៅកម្ពុជា ​មានការកើនឡើងច្រើន ដូច្នេះទើបបណ្ដាលឲ្យការ​នាំចូល​ផ្កានេះ ពីប្រទេសជិតខាង មានការកើនឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់​។

លោក ជិន ឌីណា ម្ចាស់ហាងផ្កាយីហោ «មង្គលពិធី» ដែលមានទីតាំងតាមបណ្តោយផ្លូវកម្ពុជាក្រោម ខាងលិចសាលាសន្ធរមុខ១០០ម៉ែត្រ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh Newsថា «ផ្កាកូលាប ដែលមានលក់ក្នុងហាងរបស់​ខ្ញុំ ​ភាគច្រើននាំចូលពីបណ្ដាប្រទេសជិតខាង រួមមានប្រទេសវៀតណាម និងប្រទេសថៃ និងខ្លះនាំយកមកពីចិនផងដែរ»។

លោកបន្ថែមថា ផ្កាកូលាបនៅកម្ពុជាមិនសូវសម្បូរ និងមិនអាច​ផ្គត់ផ្គង់គ្រប់គ្រាន់នោះឡើយ ព្រោះកសិករដែលប្រកបរបរនេះ ដាំមិនសូវទទួលបានផលល្អ ផ្កាដែលដាំបានផលច្រើន គឺផ្កាអ័រគីដេ និងផ្ការាសីប៉ុណ្ណោះ។​

លោក ឌីណា បន្ដថា ក្នុងឱកាសបុណ្យនៃក្ដីស្រលាញ់នេះ បញ្ជាទិញផ្កាកូលាបចំនួន៤៤០០ទង យកមកពី៣ប្រទេសខាងលើ ហើយប្រទេសដែលនាំយកមកច្រើនជាងគេ គឺប្រទេសវៀតណាម ដែលនាំយករហូតដល់៤ពាន់ទង ហើយកូលាបចិន និងថៃមានចំនួនតែ ៤០០ទង តែប៉ុណ្ណោះ។

លោកថា «កូលាបវៀតណាម នាំយកមកក្នុងតម្លៃ១២០០រៀលក្នុងមួយទង កូលាបចិនតម្លៃ១ដុល្លារ និងកូលាបថៃ តម្លៃប្រហាក់ប្រហែលកូលាបចិនដែរ សម្រាប់តម្លៃលក់ចេញវិញក៏ខុសគ្នាដែរ ដោយកូលាបចិន និងថៃតម្លៃ ២ដុល្លារក្នុងមួយទង ចំណែកកូលាបវៀតណាមវិញ តម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះ។ ខ្ញុំគិតថាសម្រាប់ជាង៤ពាន់ដើមនេះ គឺមិនអាចលក់អស់ទេ ក្នុងរយៈពេល១ថ្ងៃ អាចសល់តិចតួចប៉ុណ្ណោះ»។

ដោយឡែកសម្រាប់ អ្នកស្រី សួង សារ៉ា បុគ្គលិកហាងផ្កា Flora Express ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ កែងនឹងផ្លូវ៦៣ បានឲ្យដឹងថា ទិវាបុណ្យនៃក្ដីស្រលាញ់នឹងឈានចូលមក​ដល់នៅថ្ងៃស្អែក។ ផ្កាកូលាប គឺជាកាដូដ៏ល្អបំផុត នាឱកាសបុណ្យនៃក្ដីស្រលាញ់នេះ ដូច្នេះយើងបាននាំចូលផ្កាជាបណ្ដើរៗ ពីបណ្ដាប្រទេសជិតខាង ដើម្បីទុកលក់បន្ដឲ្យអតិថិជន។

អ្នកស្រីបន្ដថា​ «យើងបាននាំចូលផ្កាកូលាប ពីបណ្ដាប្រទេសចំនួនបីមានដូចជា ប្រទេសវៀតណាម ថៃ និងចិន ហើយផ្កាដែលយើងនាំចូលច្រើនជាងគេ គឺកូលាប​វៀតណាម បន្ទាប់មកកូលាបថៃ និងចុងក្រោយកូលាបចិន។ បានជាមានការទទួល កូលាបពីប្រទេសវៀតណាម ច្រើនជាងប្រទេសផ្សេងៗ ព្រោះប្រទេសវៀតណាម សំបូរផ្កាកូលាប ​រីឯតម្លៃវិញធូរថ្លៃជាងប្រទេសថៃ និងប្រទេសចិន»។

អ្នកស្រីបន្ដថា «កូលាបក្នុងស្រុកក៏មានដែរ ប៉ុន្ដែយើងមិនបានទទួលលក់នោះទេ ព្រោះផ្កាមានគុណភាពមិនសូវល្អ ណាមួយមិនអាចផ្គត់ផ្គង់ អតិថិជនបានគ្រប់តម្រូវការ»។

អ្នកស្រីថា ក្នុងថ្ងៃ១៤កុម្ភៈខាងមុខនេះ ការទទួលផ្កាពីប្រទេសវៀតណាមមានជាង១ពាន់ទង ពីប្រទេសចិន និងប្រទេសថៃមានប្រមាណ ជាង១ពាន់​ទង​ដូចគ្នា សម្រាប់តម្លៃលក់ចេញ គឺមួយទង២ដុល្លារ ក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់នេះ នឹងមានការទទួលជាវច្រើន ពីសំណាក់អតិថិជនជាងថ្ងៃធម្មតា ចំណែកឯចំណូលវិញ​អាចលក់បានប្រមាណ
ជាង២ពាន់ដុល្លារក្នុង១ថ្ងៃ។

យល់ដឹងពីអត្ថន័យ នៃពណ៌ផ្កាកូលាបនីមួយៗ នៃឱកាសបុណ្យនៃក្ដីស្រលាញ់នេះ៖
* កូលាបពណ៌ក្រហម​​ខ្ចី តំណាងឲ្យស្នេហា។
* កូលាបពណ៌ក្រហមចាស់ តំណាងឲ្យសម្រស់អន់ សម្រស់មិនស្អាត។
* កូលាបពណ៌ក្រហមសុទ្ធ តំណាងឲ្យក្ដីស្រលាញ់។
* កូលាបពណ៌ស តំណាងឲ្យភាពបរិសុទ្ធ ភាពស្លូតបូត។
* កូលាបពណ៌សប្រាយ តំណាងឲ្យស្នេហាយ៉ាងសប្បាយរីករាយ។
*កូលាបពណ៌ស៊ីជម្ពូចាស់ តំណាងឲ្យអំណរគុណ។
* កូលាបពណ៌ស៊ីជម្ពូខ្ជី តំណាងឲ្យការកោតសរសើរ ការអាណិតអាសូរ។
* កូលាបពណ៌លឿង តំណាងឲ្យភាពសប្បាយ ត្រេតអរ។
* កូលាបពណ៌លឿងក្រហម តំណាងឲ្យមិត្តភាព ធ្លាក់ក្នុងអន្លងស្នេហ៍។
* កូលាបពណ៌ទឹកក្រូច តំណាងឲ្យក្តីប្រាថ្នា,សេចក្តីសាទរ។
* កូលាបពណ៌ក្រហមស តំណាងឲ្យភាពរួបរួមគ្នា ឬសាមគ្គី។
* កូលាបពណ៌ក្រហមលឿង តំណាងឲ្យអារម្មណ៍សប្បាយរីករាយ។
* កូលាបពណ៌ផ្កាថ្ម តំណាងឲ្យសេចក្តីប្រាថ្នា។
* កូលាបពណ៌ខ្មៅ តំណាងឲ្យមរណភាព ឬលាសិនហើយ។
* កូលាបពណ៌ខៀវ​​​​​​​​​ តំណាងឲ្យអសមត្ថភាព ឬមិនអាចសម្រេចបាន៕