(ព្រះសីហនុ)៖ ក្រោយពីទទួលបានព័ត៌មានថា មានអ្នកជំងឺដំបៅរលួយពេញខ្លួន នៅស្រុកព្រៃនប់រួចមក លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានដាក់បញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចុះជួបអ្នកជំងឺជាបន្ទាន់។
ក្រោយទទួលបញ្ជា កម្លាំងរបស់អធិការដ្ឋានស្រុកព្រៃនប់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សាន់ ប៊ុនថន ស្នងការរងនគរបាលខេត្ត បានចុះមកដល់ផ្ទះអ្នកជំងឺខាងលើ ព្រមទាំងហៅរថយន្តសង្គ្រោះមណ្ឌលសុខភាពវាលរេញ មកជាមួយផងដែរ។
ពេលចុះទៅដល់ផ្ទះអ្នកជំងឺ ទើបដឹងថាអ្នកជំងឺមានឈ្មោះ ថន សើហ្វី អាយុ៣៧ឆ្នាំ រស់នៅភូមិអណ្ដូងថ្ម ឃុំអណ្ដូងថ្ម ប៉ុន្តែម្ដាយអ្នកជំងឺ ម៉ាត់ អៃលះ បានប្រាប់ថា កូនស្រីរបស់គាត់ម្នាក់នេះ មានជំងឺសរសៃប្រសាទជាងម្ភៃឆ្នាំហើយរហូតចេញដំបៅពេញខ្លួនទៀតផង គាត់បានសំណូមពរអាជ្ញាធរ និងសមត្ថកិច្ច ជួយជាថវិការ ថ្នាំពេទ្យ ពីព្រោះកូនគាត់ដល់ដំណាក់ការចុងក្រោយហើយ។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី សាន់ ប៊ុនថន បាននាំយកថវិការបស់ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ និងលោកស្រី លីម ដារ៉ែន ចំនួន១លានរៀល ប្រគល់ជូនដល់អ្នកជំងឺ ព្រមទាំងចែកជូនគ្រឿងឧបភោគ-បរិភោគមួយចំនួនផងដែរ៕