(កំពង់ស្ពឺ)៖ ក្រុមហ៊ុនក្នុងស្រុកមួយ នឹងចំណាយទុនប្រមាណពី៤ទៅ៥លានដុល្លារ ជាជំហានដំបូង ដើម្បីបើករោងចក្រ និងទិញឧបករណ៍មួយចំនួន សម្រាប់ត្រួតពិនិត្យ និងវេចខ្ចប់ស្វាយ រួមទាំងប្រមូលទិញស្វាយ ពីប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ឲ្យបាន១ម៉ឺនតោន ដើម្បីនាំចេញទៅលក់នៅសាធារណរដ្ឋកូរ៉េ និងប្រទេសបារាំង នៅចុងឆ្នាំ២០១៧ ឬដើមឆ្នាំ២០១៨ ខាងមុខ។
នេះបើយោងតាមការលើកឡើងរបស់លោក ម៉ៅ គន្ធពិសី នាយកប្រតិបត្ដិនៃក្រុមហ៊ុន ម៉ៅ លីហ្គើស៊ី បានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការប្រមូលផលដំណាំស្វាយ និងផ្លៃឈឺផ្សេងៗ នៅខេត្ដកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។
លោកបានបន្ដថា «ជំហានដំបូង ដែលក្រុមហ៊ុនយើងសហការជាមួយក្រុមហ៊ុន Hyundia ដោយនាំស្វាយកែវរមៀត ទៅកាន់បរទេស ដូចជាសាធារណរដ្ឋកូរ៉េ និងប្រទេសបារាំងជាដើម ដែលជាស្វាយមានគុណភាពល្អ សម្រាប់នាំចេញទៅបរទេស ដោយយើងមានម៉ាស៊ីន និងឧបករណ៍ពិសោធន៍រកសារធាតុពុល នៅក្នុងផ្លែស្វាយ ដែលជាបច្ចេកវិទ្យាចុងក្រោយមកពីប្រទេសជប៉ុន ហើយឧបករណ៍ទាំងនោះ មានតួនាទីសម្លាប់មេរោគ ត្រឹមតែរយៈពេល៤ម៉ោង ហើយដាក់ក្លាសេឲ្យត្រជាក់ ដើម្បីរក្សាគុណភាពឲ្យល្អស្រស់ ទើបអាចនាំចេញទៅបរទេសតាមយន្ដហោះបាន»។
លោកបញ្ជាក់ថា គម្រោងទិញផ្លែស្វាយខាងលើ បានចាប់អនុវត្តន៍ឡើងក្រោយការចុះហត្ថលេខាលើ កិច្ចសហប្រតិបត្ដិការវាង ក្រុមហ៊ុន ម៉ៅ លីហ្គើស៊ី និងក្រុមហ៊ុន Hyundia Indochina PTE.,LTD ដែលបានធ្វើឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីនាំផ្លែស្វាយទៅកាន់សាធារណរដ្ឋកូរ៉េ និងលើពិភពលោក ហើយជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានចុះអនុស្សរណៈជាមួយគ្នា នាខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ។
លោកបន្ថែមថា «លើសពីនោះ ក្រុមហ៊ុនខាងលើ ក៏នឹងទិញផ្លែស្វាយពីប្រជាកសិករ នៅតាមបណ្ដាខេត្ដនានា ក្នុងតម្លៃមួយដែលថ្លៃជាងតម្លៃលើទីផ្សារ ក្នុងតម្លៃថេរ ព្រោះបន្ទាប់ពីចុះអនុស្សរណៈជាមួយភាគីកូរ៉េ ភាគីកូរ៉េបានសន្យាថា នឹងជួយភាគីកម្ពុជាទាំងបច្ចេកទេស និងរក្សាស្ថិរភាពនៃតម្លៃស្វាយ ដែលធ្វើឲ្យប្រជាកសិករខ្មែរ អាចបន្ដដាំស្វាយ ប្រកបដោយបច្ចេកទេសត្រឹមត្រូវ និងមិនប្រើជីគីមី»។
ទន្ទឹមនឹងនោះ លោក វេន សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានណែនាំថា ក្រុមហ៊ុនទាំងពីរត្រូវផ្ដល់កិច្ចសម្របសម្រួលជាមួយ អគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានព័ត៌មាន និងគោលការណ៍ណែនាំបច្ចេកទេសសមស្រប ទាក់ទងនឹងការដាំដុះ ការធ្វើអនាម័យ និងការរៀបចំវេចខ្ចប់ឲ្យបានត្រឹមត្រូវ។
លោករដ្ឋមន្រ្តីបានបន្តថា ដើម្បីគ្រប់គ្រងផលិតកម្ម និងការផ្គត់ផ្គង់ទីផ្សារស្វាយ ឲ្យមាននិរន្តរភាព ការចងក្រងក្រុម ឬសហគមន៍អ្នកផលិតស្វាយចាំបាច់ត្រូវមាន ដើម្បីមានភាពងាយស្រួលក្នុងការចុះកិច្ចសន្យាច្បាស់លាស់ រវាងក្រុមហ៊ុន និងអ្នកផលិតផងដែរ៕