Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរមីនកម្ពុជា ប្រាប់អន្តរជាតិថា កម្ពុជានៅសល់ផ្ទៃដីជិត​២ពាន់គីឡូម៉ែត្រ​ក្រឡាទៀត ដែលមិនទាន់​ដោះមីនអស់

13-02-2017 19:28

(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី២ និង អគ្គលេខាធិការ អាជ្ញាធរមីនកម្ពុជា បានបញ្ជាក់ប្រាប់​សហគមន៍អន្តរ​ជាតិថា បច្ចុប្បន្នកម្ពុជានៅសល់ផ្ទៃដី ជិត២ពាន់គីឡូម៉ែត្រក្រឡាទៀត ដែលមិនទាន់រំដោះចេញពីចម្ការគ្រាប់មីន ហើយសុទ្ធសឹង​តែជាសំណល់សង្គ្រាមដ៏ព្រៃផ្សៃ។

ទិន្នន័យនេះ ត្រូវបានលើកទៅបង្ហាញឡើង ក្នុងកិច្ចប្រជុំអន្តរជាតិ នាយកកម្មវិធីសកម្មភាពមីនថ្នាក់ជាតិ និងទីប្រឹក្សាអង្គការ​សហប្រជាជាតិ លើកទី២០ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

ថ្លែងទៅកាន់អង្គប្រជុំ នៅទីក្រុងហ្សឺណែវ ទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា «កម្ពុជានៅសល់ផ្ទៃដីប្រមាណ ១,៩៤៦គីឡូម៉ែត្រក្រឡាទៀត ដែលត្រូវបោសសម្អាត និងស្នើសុំឲ្យមានការបន្តការគាំទ្រពីរដ្ឋភាគី»

គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយលោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងពីផលប៉ះពាល់ នៃសង្គ្រាមដ៏ព្រៃផ្សៃ ដែលបន្សល់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ បានជះផលវិបាក ការគម្រាមកំហែង និងក្ដីទុក្ខវេទនារៀងរាល់ថ្ងៃ ដល់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងនាមប្រទេសរងគ្រោះដោយសារសង្គ្រាមដ៏ខ្មៅងងឹតមួយនេះ ទេសរដ្ឋមន្រ្តី លី ធុជ បានបង្ហាញពីកិច្ចខំប្រឹងប្រែងរបស់កម្ពុជា ក្នុងវិស័យមីន ដែលបានរំដោះផ្ទៃដីសរុបចំនួន ១,៥០០គីឡូម៉ែត្រក្រឡា ដោយបានបំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះ​ពីសង្គ្រាមរាប់លានគ្រាប់ និងកាត់បន្ថយគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ពី៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៨៣នាក់ ក្នុងឆ្នាំ២០១៦។

បើតាមរបាយការណ៍របស់ អង្គការ CMAC បានបញ្ជាក់ថា ក្រោមនយោបាយចក្រពត្តិនិយមរបស់ អតីតប្រធានាធិបតីអាមេរិក លោក និច សុន កងទ័ពអាមេរិកបាននាំគ្រាប់មីន និងសំណល់ជាតិផ្ទុះ មកទម្លាក់ធ្វើនៅលើទឹកដីកម្ពុជា អស់ចំនួន ២,៨០០,០០០តោន បណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរ ស្លាប់អស់ជាងកន្លះលាននាក់៕