(ភ្នំពេញ)៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយប្រកាសឱ្យអាជ្ញាធរ គ្រប់រាជធានី-ខេត្ត រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតទីក្រុង ដើម្បីចូលរួមអបអរ ដល់ទិវាជាតិទីក្រុងស្អាតលើកទី៥ ឆ្នាំ២០១៧ ដែលប្រារព្វឡើង នៅចុងខែនេះ។
ទិវាជាតិទីក្រុងស្អាតលើកទី៥ ឆ្នាំ២០១៧នេះ នឹងធ្វើឡើងក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ» អមជាមួយ ការរៀបចំវេទិកាធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានធ្វើការណែនាំឱ្យរាជធានី-ខេត្ត ពិសេសក្រុង/ខណ្ឌបេក្ខភាពទីក្រុងស្អាត រៀបចំសកម្មភាពការបញ្ជ្រាប ការយល់ដឹង អំពីទីក្រុងស្អាតដល់សាធារណជនចំនួន ២ គឺទី១៖ កម្មវិធីបញ្ជ្រាបការយល់ដឹង និងទី២៖ កម្មវិធីសម្អាតទីក្រុង៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតកម្ពុជា៖