(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងគណៈប្រតិភូចូលរួមក្បួនដង្ហែ ឈីងហ្កេ និង លោក​ស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងដឹកនាំគណៈប្រតិភូមួយចំនួនទៀត ធ្វើមាតុភូមិនិវត្តន៍ មកកម្ពុជាវិញ នៅវេលាម៉ោង ០៥៖១៥ល្ងាច ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

ស.ស.យ.ក បានបន្ថែមទៀតថា ក្នុងឱកាសនៃការអញ្ចើញមកដល់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះ តំណាង​គណៈប្រតិ​ភូទាំងអស់ នឹងផ្តល់កិច្ចសម្ភាសន៍ ដល់អ្នកសារព័ត៌មាន អំពីលទ្ធផលនៃការចូលរួមរបស់កម្ពុជា នៅក្បូនដង្ហែព្យុហយាត្រា ធំជាងគេនៅអាស៊ីនេះ នៅអាកាសយានដ្ឋានផ្ទាល់។

គួររំលឹកផងដែរថា នៅក្នុងការចូលរួមក្បួនដង្ហែរព្យុហយាត្រាឈីងហ្កេនេះ​ កម្ពុជាបានលើកយកការសម្តែងទស្សនីយភាព សិល្បៈវប្បធម៌ចម្រុះរបស់ខ្មែរក្រោមប្រធានបទ «ភាពសុខដុម ក្នុងវប្បធម៏ចម្រុះ» ដែលចូលរួមសម្តែង ដោយសិល្បៈករ សិល្បៈការនី និងយុវជនស្ម័គ្រចិត្តប្រមាណ៥៤រូប ក្រោមកិច្ចសម្របសម្រួលរបស់ ស.ស.យ.ក និងកិច្ចសហការគាំទ្រពី ក្រសួងវប្បធម៌និង វិចិត្រសិល្បៈផងដែរ៕