(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បាននាំយកអំណោយថ្នាំពេទ្យ របស់សប្បុរសជនជូនទៅដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដើម្បីយកទៅព្យាលបាល ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅទូទាំង២៥ខេត្ត-ក្រុង ដោយឥតគិតថ្លៃ។

អំណោយថ្នាំពេទ្យនេះត្រូវបាន ស.ស.យ.ក ទទួលបានពីលោកឧកញ៉ា លី ពៅ និងលោកស្រី យោគ ចាន់រី ហើយត្រូវបាន លោក នួន ផារ័ត្ន ប្រធានស្តីទី សហភាពសហព័ន្ធយុវជនកម្ពុជា ប្រគល់ជូនលោក លេង ផាលី ប្រធានក្រុមការងារគ្រូ​ពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ។

ជាមួយគ្នានេះដែរ លោកប្រធានស្ដីទីបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅទៅដល់សប្បុរសជន វេជ្ជបណ្ឌិត ព្រមទាំងក្រុមការ​ងារគ្រូពេទ្យស្ម័គ្រចិត្ត​ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ស្មារតី ពេលវេលា និងធនធានមនុស្ស ដើម្បីជួយប្រជាពល​រដ្ឋខ្មែរយើង។ ការចុះជួយរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ គឺជាស្មារតីមនុស្សធម៌ គោរពស្រលាញ់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជួយរំលែកទុក្ខ នៅពេលដែលពួកគាត់មានបញ្ហាការលំបាក ក្នុងនាមខ្មែរ ស្រលាញ់ខ្មែរដោយមិនប្រកាន់បក្សពួក សាសនាអ្វីឡើយ។

សូមបញ្ជាក់ថា រយៈពេល៥០ខែ ឈានចូលឆ្នាំទី០៥ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យនិងព្យាលបាល​ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៦៥លើក ក្នុងនោះព្យាលបាលជូនប្រជា​ពលរដ្ឋបានចំនួន​៧១៨៨០នាក់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១២ ។ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់៕