(ភ្នំពេញ) ស្ត្រីឈ្មោះ ហេង ហ្គិច ហៅកែវ រតនៈ អាយុ៣៦ឆ្នាំ បានចូលខ្លួនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យប្អូនប្រុសលោក ដាំ សិទ្ធ តំណាងរាស្ត្រគណបក្សប្រឆាំងរបួសធ្ងន់ ។ មន្រ្តីតុលាការបានបញ្ជាក់ថា ក្រោយការសាកសួរ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួននាងហ្គិច ដោយបញ្ជូនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត ។ ប្រភពព័ត៌មាន បញ្ជាក់ថា នៅថ្ងៃទី១៤ ខែកុម្ភៈ តុលាការនឹងសាកសួរនាងហ្គិច មុនឈានដល់ការចោទប្រកាន់ជាផ្លូវការ ។
គួររំលឹកថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ ធ្វើឲ្យប្អូនប្រុសបង្កើតរបស់លោកដាំ សិទ្ធ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ របួសធ្ងន់ ហើយជនបង្កបានរត់គេចខ្លួន ។
លោក ដាំ សិទ្ធ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បញ្ជាក់កាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ថា កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ប្អូនប្រុសឈ្មោះ មាស សុវុទ្ធី អាយុ២៧ឆ្នាំ បានឈប់អង្គុយលើម៉ូតូម៉ាក ZOOMER-X ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1FJ-5711 លើចិញ្ចើមផ្លូវលេខ៦០៨ ត្រង់ចំណុចមុខហាងសមុទ្រកំពត ក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក LEXUS-570 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ AK-7999 បើកបរពីលិចទៅកើត ដោយបើកបញ្រ្ចាសទិសទៅបុកប្អូនប្រុស ដែលឈប់ស្ងៀម បណ្ដាលឲ្យរងរបួសធ្ងន់ ។ ក្រោយហេតុការណ៍នេះ ជនបង្កបានរត់គេចខ្លួន ។
ប្រភពព័ត៌មានពីនគរបាលចរាចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា នៅដំណាក់កាលសមត្ថកិច្ច ជនបង្កនិងក្រុមគ្រួសារជនរងគ្រោះ បានជួបចរចារគ្នា ដោយក្រុមជនរងគ្រោះទាមទារសំណងជំងឺចិត្តចំនួន១១ម៉ឺនដុល្លារអាមេរិក។ ប៉ុន្តែភាគីជនបង្ក មានលទ្ធភាពត្រឹម៥០០០ដុល្លារអាមេរិក។ ដោយសារការចរចារពីរលើកមិនត្រូវរ៉ូវគ្នា សំណុំរឿងនេះ ត្រូវបានបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ។
ពាក់ព័ន្ធករណីនេះ ក្រុមអ្នកច្បាប់អះអាងថា ជនបង្កអាចប្រឈមនឹងការចោទប្រកាន់ចំនួន២បទល្មើស គឺបទព្រហ្មទណ្ឌ ក្នុងការបើករថយន្តទៅបុកជនរងគ្រោះដែលអង្គុយលើម៉ូតូនៅលើចិញ្ចើមផ្លូវ និងបទប៉ុនប៉ងធ្វើមនុស្សឃាត ពេលថយរថយន្តប៉ុនប៉ងកិនមិត្តភក្តិជនរងគ្រោះដែលតាមថតស្លាកលេខរថយន្តក្រោយពេលកើតហេតុ។
លោក ដាំ សិទ្ធ ស្នើដល់តុលាការមេត្តាចាត់វិធានការទៅលើជនបង្កឈ្មោះ ហេង ហ្គិច ហៅ កែវ រតនៈ តាមច្បាប់ ព្រោះជននេះក៏ធ្លាប់មានជាប់ពាក់ព័ន្ធ នឹងបទល្មើសនាពេលកន្លងមកផងដែរ ៕