(ភ្នំពេញ)៖ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ លោកបណ្ឌិត តែង គន្ធី បានថ្លែងឲ្យដឹងថា សូមយុវវ័យទាំងអស់កុំបណ្ដែតបណ្ដោយជ្រុលខ្លួន ព្រោះតែក្ដីស្រឡាញ់ ក្នុងទិវានៃក្ដីស្រឡាញ់នេះ បណ្ដាលឲ្យភ្លេចខ្លួន ឈានដល់ការរួមរ័ក រហូតឆ្លងមេរោគអេដស៍ នាំឲ្យមានវិប្បដិសារីទៅថ្ងៃក្រោយ ពោលគឺ ប្រយ័ត្នការស្រឡាញ់ ចាញ់មេរោគអេដស៍ ដោយយុវវ័យទាំងអស់ ត្រូវតែចេះការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ជាពិសេសគឺកុំឆាប់ប្រឡូកក្នុងការរួមភេទ ទាំងនៅក្មេងវ័យ។
ការថ្លែងបែបនេះ របស់អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើឡើងក្នុងសិក្ខាសាលាអប់រំ និងផ្សព្វផ្សាយពីមេរោគអេដស៍-ជំងឺអេដស៍ ដល់យុវជនស្ម័គ្រចិត្ត នាឱកាសទិវានៃក្ដីស្រឡាញ់ ថ្ងៃទី១៤កុម្ភៈ ដោយអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើការផ្សព្វផ្សាយ នៅទីតាំងមួយចំនួន តាមរយៈអង្គការក្រៅរដ្ឋាភិបាល ដៃគូសហការ សង្គមស៊ីវិល និងតាមរយៈសិល្បករ-សិល្បការិនី ជាដើម។
លោកបណ្ឌិត តែង គន្ធី បានថ្លែងឲ្យដឹងបន្តទៀតថា ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយនេះឡើង ក្នុងគោលបំណង តាស់តឿនក្រើនរំឭក ដល់យុវវ័យ កុំឲ្យភ្លើតភ្លើនភ្លេចខ្លួន ដោយសារតែការស្រឡាញ់ មួយពេលខ្លី អូសទាញបណ្ដាលឲ្យឆ្លងមេរោគអេដស៍។ ជាពិសេសនៅថ្ងៃទី១៤កុម្ភៈ ស្អែកនេះ គឺជាថ្ងៃទិវានៃក្ដីស្រឡាញ់ គឺយុវវ័យរបស់យើងតែងតែបង្កើន នូវក្ដីសប្បាយរីករាយភាគច្រើន ដូច្នេះកម្មវិធីនេះ គឺក្នុងគោលបំណងរំឭក ដល់ពួកគាត់ ដើម្បីកុំឲ្យប្រើប្រាស់ក្ដីសប្បាយ ដែលហៅថា ថ្ងៃនៃក្ដីស្រឡាញ់ ឲ្យចាញ់ការឆ្លងមេរោគអេដស៍ ពីព្រោះយើងបារម្ភថា ការប្រព្រឹត្តិរបស់យុវវ័យ ការសប្បាយរបស់ពួកគាត់ អាចឈានដល់ការរួមភេទ ដោយមិនបានការពារ ហើយធ្វើឲ្យពួកគាត់ឆ្លងមេរោគអេដស៍ ដែលកំពុងតែមានវត្តមាន នៅកម្ពុជា នៅឡើយ។
លោកបន្តទៀតថា ដូច្នេះបានជាថ្ងៃនេះ( ថ្ងៃទី១៣ កុម្ភៈឆ្នាំ២០១៧) ទាំងដៃគូសហការ ទាំងសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល ជាពិសេសសិល្បករ-សិល្បការិនី រួមជាមួយនឹងយុវជនទាំងអស់ រួមគ្នាដើម្បីបង្កើតទិវានេះឡើង ផ្សព្វផ្សាយពីបញ្ហាទប់ស្កាត់ នៃការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ ដល់យុវវ័យឲ្យបាន ដឹងខ្លួនជាមុន ងាយស្រួលមានវិធីសាស្ត្រក្នុងការការពារ ឲ្យកាន់តែល្អប្រសើរ។
លោកបណ្ឌិត សង្ឃឹមថា តាមរយៈការផ្សព្វផ្សាយនៅថ្ងៃនេះ យុវវ័យនឹងបន្តចូលរួម ជួយផ្សព្វផ្សាយបន្ថែមទៀត ឲ្យកាន់តែទូលំទូលាយជាងនេះ ដើម្បីឲ្យយុវវ័យមានការយល់ដឹង និងការតាំងចិត្តកាន់តែរឹងមាំ។ លោកក៏សូមធ្វើការអំពាវនាវ ដល់យុវវ័យរបស់យើង សុំមេត្តាកុំឲ្យការស្រឡាញ់ ចាញ់ការឆ្លងមេរោគអេដស៍ និងសូមឲ្យប្អូនៗទាំងអស់គ្នា មានការប្រុងប្រយ័ត្ន ព្រោះយើងដឹងហើយថា ជំងឺអេដស៍នៅតែបន្តចម្លង ដោយស្ងៀមស្ងាត់ ខណៈដែលអ្នកមានផ្ទុក និងអ្នកជំងឺអេដស៍ មិនអាចមើលនឹងភ្នែកទទេបានទេ ហើយបើដឹងថា ខ្លួនឯងមិនទាន់ប្រឈមទេ សូមកុំប្រព្រឹត្តិ ប៉ុន្តែបើដឹងថា ខ្លួនប្រឈមនឹងការឆ្លងហើយ សូមមកធ្វើតេស្ដឈាមជាបន្ទាន់ ដើម្បីទទួលបានថ្នាំដោយឥតគិតថ្លៃ និងថែទាំសុខភាព តាមការណែនាំ របស់គ្រូពេទ្យ៕