(ភ្នំពេញ)៖ លោក Philippe Kridelka ឯកអគ្គរាជទូតប៊ែលហ្សិកប្រចាំកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ភាគីប៊ែលហ្សិក មានការចាប់អារម្មណ៍ខ្លាំងពីវិស័យទេសចរណ៍ នៅតំបន់ប្រាសាទព្រះវិហារកម្ពុចា។ លោកលើកឡើងថា ពី១ឆ្នាំទៅ១ឆ្នាំកំណើនទេសចរ នៅតំបន់ប្រាសាទព្រះវិហារមាន ការកើនឡើង ហើយតាមរបាយការណ៍កាលពីឆ្នាំមុន មានទេសចរ៩ម៉ឺននាក់ ដែលភាគច្រើនជាទសេចរអន្តរជាតិ ទៅទស្សនាប្រាសាទមួយនេះ។
ការសម្តែងចំណាប់អារម្មណ៍របស់ ឯកអគ្គរាជទូតប៊ែលហ្សិក បានធ្វើឡើងនៅក្នុងជំនួបមួយជាមួយ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាទីស្តីការក្រសួងការបរទេស នៅរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។
ទេសរដ្ឋមន្រ្តីប្រាក់ សុខុន បានឆ្លើយតបទៅកាន់លោកអគ្គរាជទូតវិញថា ការស្នើនេះ ភាគីកម្ពុជានឹងយកទៅពិចារណា ជាមុនសិនថា នឹងត្រូវមានការវាស់វែង ដោះមីននៅតំបន់ប្រាសាទព្រះវិហារ ឬយ៉ាងណា? ប៉ុន្តែ លោកទេសរដ្ឋមន្រ្តី បានបន្ថែមថា ភាគីប៊ែលហ្សិក នៅតែអាចសហការជាមួយកម្ពុជា ក្នុងការដោះមីន នៅតាមតំបន់ដែលកម្ពុជា បានវាស់វែងទុកជាស្រេច នាពេលកន្លងមក។
បន្ថែមពីលើនេះ ទេសរដ្ឋមន្រ្តីប្រាក់ សុខុន បានថ្លែងអរគុណ ដល់ភាគីប៊ែលហ្សិក ដែលបានផ្តល់ជំនួយដល់កម្ពុជា ក្នុងការ អភិវឌ្ឃន៍ សង្គម សេដ្ឋកិច្ច។ លោក ប្រាក់ សុខុន បានបញ្ជាក់ទៀតថា ភាគីប៊ែលហ្សិក កន្លងមក បានផ្តល់ជំនួយដល់កម្ពុជា ក្នុងការដោះមីន អប់រំ និងតុលាការខ្មែរក្រហម ស្នើរឲ្យប៊ែលហ្សិកបន្តផ្តល់ជំនួយបន្តទៀត ក្រោយពីបញ្ចប់ជំនួយ ឆ្នាំ២០០៨-២០១៦រួចមក។
ក្រៅពីនោះ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានស្នើឲ្យពិចារណាលើការផ្តល់ជំនួយដោះមីន ដែលប៊ែលហ្សិកជួយតាំងពី ឆ្នាំ២០០៥ និងបានបញ្ចប់ពីឆ្នាំ២០១២។ ក្នុងបញ្ហាដោះមីននេះ ដោយសារការសហការគ្នា ធ្វើឲ្យបញ្ហាអ្នករងគ្រោះ ដោយសារមីន មានការថយចុះជាលំដាប់ ឲ្យនៅតិចជាង១០០នាក់។ លោក ប្រាក់ សុខុន បានបន្ថែមថា ការផ្លាស់ប្តូរទំហំពាណិជ្ជកម្មរវាងកម្ពុជា និង ប៊ែលហ្សិក មានការកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ ពង្រីកទំហំការផ្លាស់ប្តូរពាណិជ្ជកម្មឲ្យរីកចំរើនជាងនេះ ពង្រីកកិច្ចសហប្រតិបត្តិការឲ្យ មាន ទំនាក់ ទំនងល្អនឹងគ្នាបន្ថែមទៀត។
លោក Philippe Kridelka ឯកអគ្គរាជទូតប៊ែលហ្សិកប្រចាំកម្ពុជា បញ្ជាក់ថា ភាគីប៊ែលហ្សិក បានសម្រេចបន្តជំនួយដល់កម្ពុជា លើការបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈអង្គការក្រៅរដ្ឋាភិបាលចំនួន៥អង្គការ ហើយប្រទេសកម្ពុជា ជាប្រទេស១ ក្នុងចំនោម ប្រទេសចំនួន៣០ ជាប្រទេសអទិភាព ត្រូវបន្តទទួលការឧបត្ថម្ភពីប៊ែលហ្សិក៕